ភ្នំពេញ៖ ចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញនៅវេលាថ្ងៃត្រង់ទី៣ខែមេសា ឆ្នាំ២០១៩ នេះសម្រេចចេញដីកាឃុំខ្លួនលោកផែង វណ្ណៈដាក់ពន្ធនាគារបណ្តោះអាសន្នក្រោមការចោទប្រកាន់ចំនួន២បទល្មើស តាមបណ្តឹងមេធាវីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានថ្លែងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នេះ ថា"ក្រោយពីបានពិនិត្យសំណុំរឿងនិងការសាកសួរចម្លើយលើឈ្មោះ ផែង វណ្ណៈ រួចមក តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ បរិហារកេរ្តិជាសាធារណៈនិងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៌ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ"។
បទល្មើសញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤និង៤៩៥នៃក្រមព្រហ្មទណ្ឌ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី៦ខែទៅ២ឆ្នាំ និង ពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល ។ បទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ កំណត់ផ្តន្ទាទោសពិន័យជាប្រាក់ពី១សែនរៀលទៅ១០លានរៀល ៕