ភ្នំពេញ៖ មានហេតុការភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះសំណាក់យីហោ«រិទ្ធីហេង» ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បន្ទាប់បុរសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់លេខ១០៣ ផ្ទះសំណាក់ខាងលើហើយភ្លាមៗមិនទាន់ដឹងមូលហេតុត្រូវបានគេសង្ស័យថាជាអំពើឃាតកម្ម ប៉ុន្តែក្រោយពីការពិនិត្យកោសល្យវិច័យរបស់នគរបាលបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្នដែលជា គ្រូពេទ្យពិនិត្យសាកសពបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារជម្ងឺគាំងបេះដូងបណ្ដាលមកពីជម្ងឺលើសឈាម ។
បុរសរងដែលស្លាប់នោះឈ្មោះ ងិន ឆាយ អាយុ៣៨ឆ្នាំ មុខរបរមេការក្នុងផ្ទះសំណាក់រិទ្ធីហេងកើតហេតុខាងលើ មានប្រពន្ធឈ្មោះ ជ្រឿន សុខា និងមានស្រុកកំណើតនៅក្នុងភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុប្រពន្ធរបស់គាត់បានទូរស័ព្ទរកគាត់ជាច្រើនដង តែខលចូលច្រើនដងហើយមិនលើកសោះ ដោយមានការសង្ស័យប្រពន្ធគាត់បានទូរស័ព្ទទៅកាន់ប្អូនថ្លៃនិងបុគ្គលិកបម្រើកាេងារនៅក្នុងផ្ទះសំណាក់ឲ្យទៅជួយមើល។ខណៈនោះប្អូនថ្លៃនិងបុគ្គលិកផ្ទះសំណាក់បានទៅគោះទ្វារ ហៅប៉ុន្តែមិនឮគាត់ឆ្លើយតបឡើយ ទើបសម្រេចចិត្តនាំគ្នាទៅគាស់ទ្វារបន្ទប់មើលស្រាប់តែឃើញគាត់ស្លាប់បាត់ទៅហើយ។
ប្រភពដដែលបានបន្តថា ពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយតាមសាច់ញាតិបានប្រាប់ឲ្យគរបាលដឹងថា បុរសរងគ្រោះមានជម្ងឺលើសឈាមរយ:ពេល២ឆ្នាំកន្លងមកហើយ ស្រាប់តែពេលនេះបានដេកស្លាប់ដោយមិនដឹងមូលហេតុបែបនេះតែម្ដង។ក្រោយពេលកើតហេតុដោយមានការសង្ស័យថាជនរងគ្រោះស្លាប់ដោយអំពើឃាតកម្មទើបកម្លាំងនគរបាលបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្នដែលជា គ្រូពេទ្យពិនិត្យសាកសពបានចុះទៅធ្វើកោសល្យវិច័យទើបដឹងថាជនរងគ្រោះស្លាប់ដោយសារជម្ងឺគាំងបេះដូងព្រោះតែគាត់មានជម្ងឺលើសឈាមជាប់ខ្លួន ៕