ភ្នំពេញ៖ ជនស្ទាវម្នាក់បានស្រែកសម្លុតដាក់ម្ដាយបង្កើតរបស់ខ្លួនខ្លាំងៗខណៈនោះមានបុរសម្នាក់ទៀតដែលជាអ្នកជិតខាងនិយាយថា«សម្លុតម្ដាយធ្វើអ្វី»ស្រាប់តែជនស្ទាវខឹងក៏វាយសំពងបណ្ដាលឲ្យរងរបួសបែករយះហូរឈាមកក្លាក់និងត្រូវគ្រូពេទ្យដេរចំនួន២០ថ្នេរ ។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងភូមិព្រៃពួច ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ជនដៃដល់ខាងលើនោះឈ្មោះហង់ ណារ៉ាត់ អាយុ១៨ឆ្នាំបានប្រើដំបងឈើជ្រុងវាយទៅលើបុរសជនរងគ្រោះឈ្មោះពង សត់ អាយុ២៩ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានទៅដេកនៅលើអង្រឹងក្រោមផ្ទះរបស់ជនសង្ស័យលុះក្រោយមកមានស្រ្តីម្នាក់បានធ្វើដំណើរទៅកាន់ផ្ទះនោះដែរដើម្បទារលុយដែលបងស្រីជនសង្ស័យជំពាក់។ប៉ុន្តែពេលទៅដល់មិនបានជួបបងស្រីរបស់ជននោះឡើយគឺបានជួបតែម្ដាយរបស់គេប៉ុណ្ណោះ ហើយខណៈស្រ្តីខាងលើនិងម្ដាយកំពុងនិយាយគ្នា ស្រាប់តែជនដៃដល់រូបនេះស្រែកសម្លុតគម្រាមកំហែងម្ដាយ ដោយស្មានថាម្ដាយជំពាក់លុយស្រ្តីខាងលើ។
ដោយឃើញទាស់ចិត្តពេកបុរសរងគ្រោះបាននិយាឃាត់ថា«សម្លុតម្ដាយធ្វើអ្វី» ។ភ្លាមៗនោះជនស្ទាវផ្ទុះកំហេងក៏ទាញដំបងឈើជ្រុងវាយសំពងទៅលើជនរងគ្រោះបណ្ដាលឲ្យបែកក្បាលដេរ២០ថ្នេរ។
កម្លាំងនគរបាលប៉ុស្តិ៍ព្រៃពួចនិងនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួលបានចេញអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់ នាំយកទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ព្រមទាំងនាំយកជនរងគ្រោះទៅសង្រ្គោះបន្ទាន់ ហើយក្រុមគ្រួពេទ្យបានដេររបួសក្បាលចំនួន២០ថ្នរ៕