ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់បានព្យាយាមរត់គេចខ្លួនអស់រយៈពេល៥ឆ្នាំកន្លងមកហើយក្រោយពេលអុកឡុកពិធីបុណ្យដារលាននិងវាយអ្នកភូមិរបួសទៀត លុះភ្លេចខ្លួនស្មានថាមិនអីបានវិលត្រឡប់ចូលផ្ទះវិញក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បែកចាននិងនគរបាលស្រុកអង្គស្នួលចាប់ខ្លួនបានចាត់ការតាមច្បាប់។
នគរបាលបានឲ្យដឹងថា ជនស្ស័យខាងលើឈ្មោះ ខឹម ខេមរាហៅមករា អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិបូរីកម្មករ ឃុំបែកចានត្រូវចាប់ខ្លួនកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងភូមិភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយផ្អែកលើដីកាបង្គាប់ចាប់ខ្លួនលេខ៥០៦ដ.ក.ប.ច.ខ ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ របស់លោកហុក វ៉ានធីណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ។ចោទប្រកាន់ពីបទហិង្សាដោយចេតនាដែលប្រព្រឹត្ត នៅក្នុងភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ ។
ប្រភពដដែលបានបន្តថា នៅក្នុងថ្ងៃ ខែ ឆ្នាំខាងលើកាលពី៥ឆ្នាំមុនជនសង្ស័យខាងលើរួមជាមួយបក្សពួក៣នាក់ទៀតបានអុកឡុកកន្លែងរាំវង់ក្នុងពិធីបុណ្យដារលានក្នុងភូមិបុរីកម្មករ។ខណៈនោះបានបណ្ដាលឲ្យមានអ្នករងរបួសថែមទៀតផង ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍បែកចានរួមជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួលបានចេញអន្តរាគមន៍ចាប់ខ្លួនបក្សពួ៣នាក់ បន្ទាប់មកកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាលចាត់ការតាមច្បាប់រួចហើយ។ដោឡែកបុរសនេះបានរត់គេចខ្លួនក្រោយមកមានដីការបង្គាប់ឲ្យចាប់ខ្លួនហើយរហូតពេលនេះមានរយៈពេល៥ឆ្នាំហើយទើបត្រូវកម្លាំងចាប់ខ្លួនបានរួចបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាលដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕