កោះកុង៖ ទន្ទឹមនិងក្តីព្រួយបារម្ភរបស់ពលរដ្ឋ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក អន  ដាវុធ ប្រធានមន្ទីរសារធារណដឹកជញ្ជូនខេត្តកោះកុង  បានថ្លែងប្រាប់បណ្តាញសារព័ត៌មានឲ្យដឹងថាកត្តាដែលបង្កឲ្យកើតមានការជន់លិចដោយជំនន់ទឹកភ្លៀងនាពេលនេះ គឺបណ្តាលមកពីប្រព័ន្ធលូតូចបរិមាណទឹកច្រើន ការបោះចោលនូវសំរាមនៅតាមមាត់លូ និង ក្នុងលូ ពិសេសមា នស្មៅជាច្រើនដុះនៅតាមមាត់លូបង្ហូរទឹក ក៏ដូចជាមានការសាងសង់ផ្ទះនៅលើចំណីផ្លូវសាធារណៈរបស់រដ្ឋ រឿងរ៉ាវនេះហើយដែលជាបញ្ហាស្មុគស្មាញសំរាប់អាជ្ញាធរ ។

ជាមួយគ្នានោះដែរ លោកក៏បានសុំអធ្យាស្រ័យនិងយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជន់ទឹកភ្លៀងលិចផងដែរ ហើយលោក បានបញ្ជាក់ថា នៅក្នុងឆ្នាំ2020 និងមានការកែលំអ ស្ដារលូ ឡើងវិញ និងជួសជុលស្ថាបនាផ្លូវថ្មីផងដែរ ។

ពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថាខេត្តកោះកុងជាខេត្តមួយដែលហ៊ុំព័ទ្ធទៅដោយសមុទ្រមិនគួរណា មានសភាពជន់លិចនៅតាមដងផ្លូវបែបនេះទាល់តែសោះ គួរតែខាងអាជ្ញាធរ និងជំនាញពាក់ព័ន្ធពិនិត្យតាមប្រពន្ធលូបង្ហូរទឹកឡើងវិញ ដើម្បីកុំឲ្យមានសភាពជន់លិចជាដដែលៗបែបនេះ ។

គួររំលឹកថារដូវវស្សា ស្ទើរតែជារៀងរាល់ឆ្នាំទៅហើយ ដែលខេត្តកោះកុង បានជួបប្រទះនូវបញ្ហាជនលិចតាមដងផ្លូវសាធារណៈ និង តាមផ្ទះមួយចំនួននៅក្នុងក្រុងខេមរភូមិន្ទ។ចំពោះឆ្នាំនេះ វា ក៏មិនមានអ្វីប្លែកជាងឆ្នាំមុនៗនោះដែរ សម្រាប់ពលរដ្ឋនៅក្នុងខេត្តកោះកុង ។