ខេត្តរតនគិរី៖ ល្បែងស៊ីសងជល់មាន់ តាមonlineមួយកន្លែងក្នុងក្រុងបានលុងត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានខេត្ត សហការជាមួយកម្លាំងអធិការដ្ឋានក្រុងបានលុងចុះបង្ក្រាបរឹបអួសបានម៉ូតូជាច្រើនគ្រឿងរួមទាំងឧបករណ៍ជាច្រើនទៀតនិងនាំខ្លួនម្ចាស់ទីតាំងមកសួនាំចាត់ការបន្តតាមច្បាប់។
ការចុះបង្ក្រាបទីតាំងល្បែងសុីសងតាមអនឡាញនេះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៤.៣០នាទីថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០១៩នៅចំណុចភូមិ ជ័យជំនះសង្កាត់ ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី។
ប្រភពបានឱ្យដឹងថាម្ចាស់ផ្ទះទីតាំងបើកល្បែងសុីសងភ្នាល់តាមប្រព័ន្ធអនឡាញដុះស្លែរយូហើយមួយនេះឈ្មោះ ប៊ួយធី ង៉ុកហ៉ាភេទស្រី ជនជាតិវៀតណាម រស់នៅកន្លែងបើកល្បែងសុីសងខាងលើ ។
ក្រោយពីសមត្ថកិច្ចធ្វើការបង្ក្រាបរឹបអូសបានវត្ថុតាងរួមមាន ម៉ូតូចំនួន២៧ គ្រឿងទូរទស្សន៍ចំនួន ០៣គ្រឿងនិងម៉ាស៊ីនកត់ឆ្នោតចំនួន ០១គ្រឿង។
ហើយសមត្ថកិច្ចបាននាំយកវត្ថុតាងទាំងអស់ទៅ រក្សាទុកនៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានខេត្ត ។ ឯម្ចាស់ផ្ទះក៏បាន នាំខ្លួនទៅដែរដើម្បីបន្តអនុវត្តតាមនិតិវិធីច្បាប់ផងដែរ៕