ភ្នំពេញ៖ ជនសង្ស័យចំនួន១៥នាក់ត្រូវបានកម្លាំងនគរបាលផ្នែកអន្តរាគមន៍ពិសេសនៃអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យនិងនគរបាលប៉ុស្តិ៍ចោមចៅ៣ធ្វេីការឃាត់ខ្លួនកាលពីវេលាម៉ោង១២និង២០នាទីយប់ឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នៅចំណុចច្រកចូលភូមិព្រៃទា១ កែងផ្លូវសហាវិថីព័ន្ធរុស្ស៊ី សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ បន្ទាប់ពីល្បាតប្រទះឃើញពួកគេកំពុងប្រមូលផ្ដុំគ្នានៅកន្លែងស្ងាត់ លុះក្រោយពេលសាកសួរទើបដឹង១០នាក់ជាមុខសញ្ញាប្លន់ម៉ូតូបានសម្រេច២លើកនៅក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ចំណែក៥នាក់ទៀតគឺជាក្រុមក្មេងទំនើង។
ជនសង្ស័យជាចោរប្លន់ម៉ូតូទាំង១០នាក់នោះរួមមាន៖១,ឈ្មោះធារ៉ា អាយុ២០ឆ្នាំ ២,ឈ្មោះរិន រ៉ូត អាយុ១៩ឆ្នាំ ៣,រ៉ុង សុផា អាយុ១៦ឆ្នាំ ៤,ឈ្មោះសូត ឡៃហ៊ាង អាយុ១៨ឆ្នាំ ៥,ឈ្មោះហឿនបញ្ញា អាយុ១៥ឆ្នាំ
៦,ឈ្មោះទេស ណារដ្ឋ អាយុ១៩ឆ្នាំ ៧,ឈ្មោះ ម៉ន ឈុន អាយុ២០ឆ្នាំ ៨,ឈ្មោះសុខ គា អាយ១៧ឆ្នាំ ៩,ឈ្មោះ អានសេង អាយុ១៥ឆ្នាំ ១០,ឈ្មោះប៉ុនធឿន រតនៈ អាយុ១៦ឆ្នាំ។ពួកគេបានសារភាពថា ធ្លាប់បានធ្វើសកម្មភាពវាយនិងធាក់ប្លន់យកម៉ូតូនៅក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខបានសម្រេចជាបន្តបន្ទាប់ចំនួន២លើករួចមកហើយ ។ចំណែកយុវជន៥នាក់ទៀតជាក្មេងទំនើងហើយមិនមានជាប់ពាក់ព័ន្ធនិងសកម្មភាពប្លន់ម៉ូតូនោះឡើយ និងមិនត្រូវបានស្គាល់ឈ្មោះនោះទេ ។
ក្រោយពីសួរនាំរួចទទួលបានចម្លេីយសារភាពខាងលើនោះហើយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យនិងនគរបាល ប៉ុស្តិ៍ចោមចៅ៣បានបញ្ជូនសង្ស័យចំនួន១០នាក់នេះទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្ត ចំណែក៥នាក់ទៀតជាក្រុមក្មេងទំនើងនគរបាលបានអប់រំរួចប្រគល់ឲ្យអាណាព្យាបាលនាំយកត្រឡប់ទៅវិញ ៕