ភ្នំពេញៈ បុរសម្នាក់បើករថយន្តចូលសាខាពន្ធដារខណ្ឌចំការមនមុខបុរសជាសន្តិសុខខារ៉ាអូខេម្នាក់បាក់ជើងខាងឆ្វេងទាំងព្រឹកព្រលឹម ករណីគ្រោះថ្នាក់ចរាចរណ៍នេះក៏មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ និង ៤០នាទីព្រឹកថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ ២០១៩ ស្ថិតនៅមុខខារ៉ាអូខេចេតាមផ្លូវលេខ ៤៨៨ ផ្សារដើមថ្កូវខណ្ឌចំការមន ។
បុរសជនរងគ្រោះមានឈ្មោះភាពអាយុ 35 ឆ្នាំមុខរបរជាសន្តិសុខខារ៉ាអូខេចេស្នាក់នៅទីតាំងកើតហេតុខាងលើ។ ចំណែកអ្នកបើករថយន្តមានឈ្មោះប៉ាវ សូមុត អាយុ ៥៣ ឆ្នាំមុខរបរជាមន្ត្រីរាជការ ស្នាក់នៅភូមិ ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសខាងលើបើករថយន្តម៉ាកប៉ាជេរ៉ូពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AA-4029 តាមបណ្ដោយផ្លូវ៤៨៨ ក្នុងទិសដៅពីជើងទៅត្បូងព្រោះដល់ចំណុចកើតហេតុរថយន្តបានបត់ចូលខារ៉ាអូខេ J បំណងចូលទៅបង់លុយនៅសាខាពន្ធដារខណ្ឌចំការមនដែលនៅក្បែរកន្លែងកើតហេតុ ពេលនោះជនរងគ្រោះបាន សារ៉េឡាននៅចំពីមុខស្រាប់តែអ្នកបើកឡានច្រឡំជាន់ហ្គែរធ្វើឲ្យរថយន្តជ្រុលទៅបុកបុរសជាសន្តិសុខពេញទំហឹងបណ្ដាលឲ្យបាក់ជើងខាងឆ្វេងតែម្ដង ហើយរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកម៉ូតូម៉ាកវ៉េវពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1P-7614 មួយគ្រឿងទៀតដែលចតនៅស្ងៀមនឹងរថយន្តក៏បានបុកជញ្ជាំង ខារ៉ាអូខេ បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ភ្លាមៗនោះគេឃើញវត្តមានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុនិងទាក់ទងទៅរថយន្តសាមុយដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ។រីឯណាអ្នកបើកយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗតែម្តងនិងបានយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមនចុះទៅវាស់វែងនិងប្រគល់រថយន្តទៅឲ្យយយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ ។