ប៉ៃលិន ៖ លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានដឹកនាំមន្រ្តីជំនាញ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះត្រួតពិនិត្យ និងណែនាំដល់អាជីវករ ដែលតាំងលក់នៅតាមតូបនានា ដើម្បីទប់ស្កាត់ទំនិញហួសសុពលភាព ខូចគុណភាព លើចំនីអារហារបរិភោគដើម្បីលើកកម្ពស់សុខមាលភាព អ្នកប្រើប្រាស់ កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅផ្សារសាមគ្គី ហៅប៉ាហ៊ី ភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានឱ្យដឹងថា៖ ការទុបស្កាត់ និងត្រួតពិនិត្យរកទំនិញ គ្មានគុណភាព ហួសកាលបរិច្ឆេទ និងប្រើប្រាស់ជាតិគីមី គឺធ្វើឡើងដោយគ្មានកាលកំណត់នោះឡើយ ដើម្បីទប់ស្កាត់ឲ្យបានកាន់តែខ្ពស់ចំពោះការចរាចរណ៍ទំនិញខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតនៅលើទីផ្សារ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ។ លោកបានបន្តថា ៖ ទំនិញដែលមន្រ្តីលោកតែងធ្វើសកម្មភាពពិនិត្យជាប្រចាំ គឺពិនិត្យទៅលើកាលបរិច្ឆេទ សំបកវេចខ្ចប់ រួមទាំងពិនិត្យរកសារធាតុគីមី នៅលើបន្លែត្រីសាច់ ជាដើម ដើម្បីចូលរួមចំណែកទប់ស្កាត់ចរាចរណ៍ទំនិញដែលខូចគុណភាព និងមានសារធាតុគីមី ជាពិសេសបានធ្វើការពន្យល់ណែនាំដល់ពលរដ្ឋនិងអាជីវករទាំងអស់ឲ្យបានយល់ដឹងពីប្រភេទទំនិញ ដែលគ្មានគុណភាពផងដែរ ។ លោកលើកឡើងថា ៖ អគ្គនាយកកាំកុងត្រូល បានដើរតួរនាទីសំខាន់ ក្នុងការទប់ស្កាត់ និងបង្រា្កបការលបលួចនាំចូល ការផលិត ការចែកចាយ ម្ហូបអាហារពុំមានសុវត្ថិភាព ដែលជនខិលខូចនាំចូលមកលក់ដូរ និងអប់រំផ្សព្វផ្សាយជាសាធារណៈ នូវចំណេះដឹងជាមូលដ្ឋានអំពីសុវត្ថិភាពម្ហូបអាហារ ។ ដូច្នេះហើយ សូមអោយ អាជីវករ លក់នៅតាមបណ្តាតូបនានា មេត្តាសហការជាមួយសមត្ថកិច្ច និងកុំគិតតែពីផលចំណេញជាធំ និងសុំអោយរួមគ្នាទទួលខុសត្រូវចំពោះមុខច្បាប់ និងគោរពបទដ្ឋានបច្ចេកទេស ក្នុងការផ្គត់ផ្គង់ម្ហូបអាហារលើទីផ្សារ ។ ទន្ទឹមនឹងនេះ លោកក៍បានសំនូមពរដល់អាជីវករទាំងអស់ និងអ្នកប្រើប្រាស់ ត្រូវរួមគ្នាលុបបំបាត់ការដាក់តាំងលក់ និងប្រើប្រាស់ទំនិញ ខូចគុណភាព ឬទំនិញប្រើប្រាស់សារធាតុគីមី ព្រោះវាបានបង្កផលប៉ះពាល់ខ្លាំង សម្រាប់សុខភាពរស់នៅជីវភាពប្រចាំថ្ងៃ ។
សូមបញ្ជាក់ថា ៖ ក្នុងការចុះត្រួតពិនិត្យទំនិញនាឱកាសនោះ មន្ត្រីសាខាកាំកុងត្រូលខេត្ត បានដកហូតទំនិញហួសសុពលភាព និងខូចគុណភាព ១៤គីឡូក្រាម រួមមាន៖ ស្ករគ្រាប១០៦កញ្ចប់ ដើម្បីយកទៅកម្ទេចចោល ។