មណ្ឌលគិរី៖ ស្របពេលដែលបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរីបានស្ងប់ស្ងាត់ស្ទើរទាំងស្រុងទៅហើយក្ដី ក្រោយមាន ការបង្ក្រាបទ្រង់ទ្រាយធំពីសំណាក់គណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសបទល្មើសធនធានធម្មជាតិ កាលពីពេល កន្លងទៅ ។ ជាមួយគ្នានេះ រោងសិប្បកម្មកែច្នៃឈើខុសច្បាប់ជាច្រើនកន្លែងក្នុងខេត្តមណ្ឌលគិរី ក៏ត្រូវបានបង្ក្រាប ជាបន្តបន្ទាប់ៗផងដែរ ប៉ុន្តែទីតាំងកែច្នៃឈើ១កន្លែង ដែលស្ថិតក្នុងបរិវេណរមណីយដ្ឋានអូរផ្លាយ ក្នុងឃុំស្រែអំពូម ស្រុកពេជ្រាដា នៅតែអាចបន្តប្រមូលឈើមានមុខកាត់ធំៗយកមកកែច្នៃទៅជាគ្រឿងឈើខ្នាត់តាមតម្រូវការ នឹងដឹកជញ្ជូន ចេញស្ទើររៀងរាល់ថ្ងៃ ដោយពុំមានការហាមប្រាមពីសំណាក់មន្ត្រីជំនាញ ។
ប្រភពច្បាស់លាស់ដែលសុំមិនបង្ហាញអត្តសញ្ញាណបានប្រាប់ថា ទីតាំងកែច្នៃឈើនោះមានលក្ខណៈជារោងសិប្ប កម្ម មានឧបករណ៍កែច្នៃឈើដែលច្បាប់ហាមឃាត់ ហើយម្ចាស់ទីតាំងបានប្រមូលទិញឈើពីក្នុងព្រៃមានមុខកាត់ធំៗ ជាហូរហែចូលមកក្នុងរមណីយដ្ឋានអូរផ្លាយកែច្នៃទៅជាគ្រឿងឈើខ្នាត់ ក្រោមហេតុផលថា យកឈើទាំងនោះទុកប្រើ ប្រាស់ក្នុងរមណីយដ្ឋាន ប៉ុន្តែជាក់ស្ដែងឈើទាំងនោះគេបានឃើញដឹកជញ្ជូនចេញពុំដែលយកត្រលប់មកវិញទេ ។
ប្រភពបន្តថា ក្នុងករណីនេះគេបានរាយការណ៍ទៅគ្រប់ជំនាញពាក់ព័ន្ធឲ្យចុះពិនិត្យ និងបង្ក្រាប ប៉ុន្តែមន្ត្រីជំនាញ គ្រប់ផ្នែកបានត្រឹមប្រាប់មកវិញថាម្ចាស់ទីតាំងកែច្នៃឈើមួយនេះ បានប្រាប់ទៅប្រធានអង្គភាពរបស់ពួកគេអស់ហើយ ប៉ុន្តែ ការប្រាប់នោះគឺប្រាប់ផ្ទាល់មាត់ ពុំមានលិខិតស្នាមអនុញ្ញាតត្រឹមត្រូវតាមច្បាប់នោះទេ ។
ពាក់ព័ន្ធករណីនេះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក អ៊ុ វ៉ាន់សុភៈ បានប្រាប់នៅរសៀលថ្ងៃទី១៨ ធ្នូនេះថា ទីតាំងនោះពុំមានច្បាប់អនុញ្ញាតមែន ប៉ុន្តែទីតាំងនោះមិនមែនជាសិប្បកម្មកែច្នៃឈើខុសច្បាប់ទេ គឺម្ចាស់រមណី យដ្ឋានបានសុំកែច្នៃឈើទាំងនោះសម្រាប់ប្រើប្រាស់ក្នុងរមណីយដ្ឋានអូរផ្លាយប៉ុណ្ណោះ និងជាលក្ខណៈគ្រសារ ។
ជាមួយគ្នានេះដែរ ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានឲ្យដឹងដែរ រមណីយដ្ឋាន អូរផ្លាយទទួលបានសិទ្ធវិនិយោគពីរដ្ឋបាលខេត្តមណ្ឌលគិរី ប៉ុន្តែចំពោះការបង្កើតរោងកែច្នៃឈើក្នុងរមណីយដ្ឋាន ហើយថា យកមកអភិវឌ្ឍន៍រមណីយដ្ឋាននោះ លោកពុំបានទទួលបានព័ត៌មាននេះទេ ប៉ុន្តែលោកយល់ថា ទោះជាកែច្នៃឈើយកមក អភិវឌ្ឍន៍រមណីយដ្ឋានក៏ដោយ ក៏ត្រូវមានច្បាប់អនុញ្ញាតត្រឹមត្រូវពីអង្គភាពជំនាញដែរ ៕