ខេត្តប៉ៃលិន ៖ យុវជនម្នាក់ ជាតារាចម្រៀង និងជាតារាកំប្លែង ដែលគេស្គាល់ទូទាំងប្រទេសកម្ពុជាថា (នាយចឺម ឈ្មោះ ពិតគឺ សុខ មេសា) រងរបួសបែកក្បាល និងរបួសដៃ ខណ:មានគេជួលឱ្យទៅច្រៀងក្នុងពិធីខួបកំណើត នៅភូមិផ្សារព្រំ ជាប់ព្រំដែនថៃ លុះចប់សព្វគ្រប់ក៏ចូលទៅដេកក្នុងផ្ទះសំណាក់ រហូតដល់យប់ជ្រៅរំលងអធ្រាត្រ ស្រាប់ដេកមិនសុខ (ឡើងតង់ស្យុង) ក៏រាវរកលេខឆាតឆ្លងឆ្លើយស្នេហាជាមួយសង្សារគេ ចង់លួងលោមដេកជាមួយ ។ តែប៉ះចំសង្សាគេប្រើ (Account មួយលេងពីរនាក់) ក្លែងជាមនុស្សស្រីឆាតតបវិញ រហូតធ្វើឱ្យជនរងគ្រោះស្មានតែស្រីមែន ក៏បើករថយន្តម្នាក់ឯងទៅដល់កន្លែងណាត់ជួប ។ តែប៉ះចំសង្សាគេសោះ ក៏ប្រតាយប្រតប់គ្នា រហូតជនដៃដល់ទាញបានកំណាត់ឈើ វាយរងរបួសតែម្តង ។
ហេតុការណ៍ ដែលយុវជនជាតារាចំរៀង និងជាតារាកប្លែងឡើងកំដៅស្នេហ៍ បើករថយន្តទៅបបួលស្រីស្នេហ៍គេបម្រុងឡើងឋានសួគ៌ ហើយត្រូវសង្សារគេវាយរបួស បានកើតឡើងកាលពីវេលាម៉ោង៤ និង២០ទាបភ្លឺ ថ្ងៃពុធ ០៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ធ្នូ ២០១៩ ស្ថិតនៅចំណុចបុរីម្កុដពេជ្រ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃ លិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ សុខ មេសា ហៅនាយចឺម ភេទប្រុស អាយុ២២ឆ្នាំ ជាតារាចម្រៀងប្រចាំនៅផលិតកម្មសាន់ដេ និងជាតារាកប្លែង រស់នៅភូមិត្រាចកោះ ឃុំមហាឬស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ ។ ចំណែកជនសង្ស័យ មានឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ ជាបុគ្គលិកកាស៊ីណូ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន ដោយបានយកកំណាត់បន្ទះឈើប្រវែងប្រហែ ល១ម៉ែត្រ វាយជនរងគ្រោះរបួសកំភួនដៃទាំងសងខាង និងបែកក្បាលដេរអស់៥ថ្នេរ ព្រមទាំងបែកទូរស័ព្ទ ម៉ាកអាយហ្វូនអិចមួយគ្រឿង (ខូចខ្ទេចទាំងស្រុង) ។
បើតាមការសារភាពរបស់ជនដៃដល់ បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ នាយចឺម បានទៅចូលរួមច្រៀងក្នុងពិធីខួបកំណើតឱ្យគេម្នាក់ នៅភូមិផ្សារព្រំតាំងពីល្ងាចរហូតដល់យប់ជ្រៅក៏ចប់កម្មវិធី រួចចូលទៅដេកក្នុងផ្ទះសំណាក់ក្បែរនោះ លុះដល់ម៉ោងជាង ២រំលងអធ្រាត្រ ថ្ងៃទីដដែល ក៏ចាប់ផ្តើមរាវរកលេខទូរស័ព្ទទាក់ទងទៅស្រីរបស់គេ ។
ពេលនោះ ជនរងគ្រោះ បានទូរស័ព្ទទៅរកសង្សារគេចំនួន៣ទៅ៤ដង តែនាងកំពុងដេកលង់លក់ មិនបានលើកទូរស័ព្ទនិយាយឆ្លើយតបនោះទេ ទើបជនរងគ្រោះចាប់ផ្តើមឆាតជាសារទៅរកនាង ។ តែដោយសារជនសង្ស័យដាក់ភ្ជាប់ហ្វេសប៊ុកនាងទៅទូរស័ព្ទរបស់ខ្លួនដែរ ក៏ឃើញទើបឆាតតបជារបៀបផ្តោះផ្តងស្នេហាគ្នា រហូតដល់នាយចឺមឡើងកំដៅស្នេហ៍ ក៏បើករថយន្តម្នាក់ឯងទៅដល់មុខបន្ទប់ ស្របពេលជនដៃដល់ចេញមកឃើញ ក៏វាយប្រតាយប្រតប់គ្នា ហើយជនដៃដល់ក៏ទាញបានកំណាត់ឈើមួយវាយទៅលើជនរងគ្រោះ បណ្តាលឱ្យរបួសតែម្តង ។
ពាក់ព័ន្ធនឹងបញ្ហានេះ ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺបន្ថែមពីនគរបាលនៃអធិការស្រុកសាលាក្រៅបានទេ ដោយហាក់ដូចជាចង់បិទបាំងរឿងរ៉ាវ រីឯជនរងគ្រោះភ្នាក់ងារយើងមិនអាចរកលេខ ទូរស័ព្ទ ដើម្បីទាក់ទងបំភ្លឺបានដែរ ។បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ស្រុកសាលាក្រៅ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមនីតិវិធី ៕