ភ្នំពេញ ៖យុវជនម្នាក់ត្រូវបានចោរ១ក្រុមដេញតាមធាក់ផ្ដួលប្លន់យកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរី២០២០មួយគ្រឿងទើបតែទិញថ្មីទៅបាត់ដោយសុវត្ថិភាព ខណៈដែលយុវជនរងគ្រោះរូបនេះជិះម៉ូតូខាងលើឌុបជូនស្រីម្នាក់ទៅផ្ទះ លុះវិលត្រឡប់មកវិញ ក៏ជួបនិងក្រុមចោរប្លន់ខាងលើតែម្ដង។ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ នៅភ្លើងស្តុបផ្លូវចោមចៅ កែងផ្លូវទួលពង្រ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
យុវជនរងគ្រោះឈ្មោះ មុំ ម៉េងអៀន អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ ស្នាក់នៅក្បែរផ្សារស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិតំណាក់ចារ ឃុំចិញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ត្រូវចោរប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1H-8082 ។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះរួមជាមួមិត្តភ័ក្រ ឌុបជូនមិត្តស្រី២នាក់ទៀត សរុបគ្នា៤នាក់ ទៅផ្ទះជួលនៅភូមិអូរដឹម សង្កាត់ចោមចៅ៣ លុះវិលត្រឡប់មកវិញ នៅតែគ្នា២នាក់ ជិះទៅផ្ទះនៅស្ទឹងមានជ័យ ដោយធ្វើដំណើរតាមផ្លូវវេងស្រេង ពីលិចទៅកើត ដល់ចំណុចភ្លើងស្តុប កែងផ្លូវទួលពង្រ ស្រាប់តែលេចមុខជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង មកដល់ទន្ទឹមធ្វើសកម្មភាពធាក់ បណ្តាលឲ្យដួល ជនសង្ស័យ ប្រដាប់ដោយបុ័ងតោ គម្រាម លើកយកម៉ូតូជិះគេចទៅបាត់ ។
ក្រោយកើតហេតុ ជនរងគ្រោះរួមដំណើរជាមួយមិត្តភ័ក្រនាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ១ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ និងកំណត់មុខសញ្ញាចោរប្លន់ខាងលើ ៕