ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់និងមានគ្នា៣នាក់ទៀតរួមដំណេីរជាមួយបេីករថយន្តទាំងស្ថានភាពស្រវឹងជ្រុលបុកម៉ូតូមួយគ្រឿងនៅទឹកដីខណ្ឌដូនពេញហេីយមិនបានឈប់ទទួលខុសត្រូវព្យាយាមបេីករត់រហូតមកដល់ស្តុបផ្សារដេប៉ូផ្លូវលេខ១៨២កែងផ្លូវ២១៥ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោកក៏ បន្តបុកម៉ូតូមួយគ្រឿងទៀតអូសជាច្រេីនម៉ែត្រតែត្រូវប្រជាពលរដ្ឋដេញឃាត់បាននិងទប់កំហឹងមិនបានវាយបណ្តាលឲ្យខ្ទេចរថយន្ត បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២ខែមករាឆ្នាំ២០២០ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុរថយន្តខាងលេីម៉ាកម៉ាស្តា ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AT 8318 បេីកបរដោយបុរសជនជាតិចិនម្នាក់និង៣នាក់ទៀតរួមដំណេីរជាមួយបានបេីកបុកម៉ូតូមួយគ្រឿងនៅស្តុបផ្សារថ្មី ក្នុងទឹកដីខណ្ឌដូនពេញភ្លាមនោះរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបែជាព្យាយាមបេីករត់ហេីយត្រូវបានប្រជាពលរដ្ឋដេញតាមរហូតមកដល់ផ្លូវលេខ២១៥ ក៏បន្តគេចខ្លួនក្នុងទិសដៅពីជេីងទៅត្បូង។
ប្រភពព័ត៌មានបន្តថា លុះមកដល់ស្តុបផ្សារដេប៉ូក៏បួងចង្កូតបត់ស្តាំទៅលិចតាមបណ្តោយផ្លូវលេខ១៨២ ទេីបជ្រុលបុកម៉ូតូម៉ាកនិច ពណ៍សពាក់ស្លាកលេខភ្នំពេញ1CR 7381 បេីកបរដោយយុវជនម្នាក់ដែលកំពុងឈប់ស្តុបក្នុងទិសដៅពីលិចទៅកេីត តែជនរងគ្រោះលោតចេញពីម៉ូតូទាន់ទេីបរថយន្តអូសម៉ូតូជាប់ខាងក្រោមបានចំងាយប្រហែល១៥០ម៉ែត្រក៏ត្រូវប្រជាពលរដ្ឋចាប់ជាប់និងទប់កំហឹងមិនបានវាយបណ្តាលឲ្យរថយន្តបែកកញ្ចក់ខាងឆ្វេងចំណែកតៃកុងរថយន្តបែកមុខមាត់បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍។
ក្រោយកេីតហេតុសមត្ថកិច្ចបាននាំម្ចាស់រថយន្តទៅសាកសួរនៅប៉ុស្តិ៍ផ្សារដេប៉ូទី១ រងចាំប្រគល់ឲ្យជំនាញចារាចរណ៍ជេីងគោករាជធានីភ្នំពេញដេីម្បីដោះស្រាយតាមច្បាប់៕