ខេត្តប៉ៃលិន ៖ បើគេធ្វើដំណើរចេញពីទីរួមខេត្តប៉ៃលិន ត្រឹមតែ៣ទៅ៤គីឡូម៉ែត្រ ឆ្ពោះទៅទិស ខាងត្បូង នឹងដល់រមណីយដ្ឋានមួយ ដែលធ្លាប់តែមានឈ្មោះបោះសម្លេង និងល្បីរន្ទឺនៅទូទាំងខេត្តប៉ៃ លិន ក៏ដូចជាទៅដល់ខេត្តនានា ទូទាំងប្រទេសកម្ពុជាដែរ ក៏ធ្លាប់មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទៅលេងកំសាន្តដ៏ច្រើន នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យទានផ្សេងៗ ទៀត រមណីយដ្ឋាននេះ មានឈ្មោះថា «អាងជីងចក់» ។
តែរហូតមកដល់ព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ នេះ វាបានក្លាយទៅជាកន្លែងស្ងាត់ជ្រងំ ឮសូរសម្លេងសត្វបក្សី និង សត្វរៃយំឆ្លងឆ្លើយគ្នាចុះឡើងៗប៉ុណ្ណោះ ។ បើគេដើរចូលទៅដល់ខាងក្នុងរមណីយដ្ឋាននេះតែម្នាក់ឯង ឃើញមានគុម្ពោតព្រៃតូចៗដុះជុំវិញ ហើយមើលទៅក្នុងបឹងឃើញទឹកថ្លាឈ្វេង និងមានស្ពានឈើចំនួន២កន្លែង ដ៏ចំណាស់ ដែលគេធ្លាប់តែដើរលេងឆ្លងកាត់ទៅមក ក៏មានផ្ទះ១ខ្នង ត្រូវគេចាក់សោចោល នៅជាប់នឹងខ្នង ស្រះ និងមានខ្យុសតូចមួយចំនួននៅជុំវិញបឹង ដែលមើលទៅគួរឱ្យអាណោចអាធ័មយ៉ាងខ្លាំង ។ បើគេឈរ នៅលើខ្នងបឹង ហើយសម្លឹងមើលទិដ្ឋភាពជុំវិញនេះ គេសន្និដ្ឋានថា រមណីយដ្ឋានអាងជីងចក់នឹងលែងមានរូបរាង និងលែងឈ្មោះនៅលើពិភពគុណទៀតហើយ ។ បើគេបន្តឈរម្នាក់ឯងយូរៗទៅ អាចនឹង មានអារម្មណ៍ថា ស្ងាត់ខ្លាំងណាស់ គួរឱ្យខ្លាចមនុស្ស និងខ្លាចព្រៃភ្នំជាដើម ។
ប្រភពព័ត៌មាន ពីប្រជាកសិករធ្វើចម្ការនៅក្បែរៗ កន្លែងរមណីយដ្ឋានខាងលើ បានរៀបរាប់ឱ្យភ្នាក់ងារសារព័ត៌មានដឹងថា រមណីយដ្ឋាន«អាងជីងចក់» នេះ ត្រូវបានគេបោះបង់ចោលជាយូរឆ្នាំមកហើយ ដោយពីមុនមានភ្ញៀវទេសចរ ចូលទៅលេងកន្លែងនេះ ជាហូរហែគួរសមដែរ ព្រោះមានស្ពានឈើ មានទឹកបឹងថ្លាឈ្វេង ដែលហូរធ្លាក់មកពីភ្នំខៀវ មានទូកជ័រ និងទូកឈើសម្រាប់ឱ្យភ្ញៀវជិះលេងជាដើម ។ ប៉ុន្តែក្រោយមក មិនដឹងជាម្ចាស់ទៅណាបាត់ទេ បានជាអត់ឃើញបន្តអភិវឌ្ឍន៍រមណីយដ្ឋានឯកជនមួយនេះ ឱ្យក្លាយទៅជាកន្លែងលេងកំសាន្តដូចកាលពីមុននោះ ពោលគឺគេបោះបង់ចោល បណ្តាលឱ្យស្ងាត់ជ្រងំ ដូចព្រៃស្មសានតែម្តង ។
ចំណែកអ្នកខ្លះទៀត បានលើកឡើងថា មកពីម្ចាស់ដីអត់មានដើមទុន ដើម្បីអភិវឌ្ឍរមណីយដ្ឋានមួយនេះ បន្តទៀត ។ ម្យ៉ាងវិញទៀត ដីរមណីយដ្ឋានមួយនេះធំជាង ១០ហិកតា ហើយត្រូវបានគេលក់ឱ្យអ្នកផ្សេងតៗគ្នាបាត់អស់រលីងទៅហើយ ។ ដូច្នេះ បានជា អ្នកក្រោយៗ ដែលគេទិញរួច គ្មានចំណាប់អារម្មណ៍រឿងបង្កើតរមណីយដ្ឋានអ្វីនោះទេ ទើបទុកឱ្យក្លាយទៅជាកន្លែងស្ងាត់ឈឹងគួរឱ្យខ្លាចខ្មោចលងបែបនេះ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ ខេត្តប៉ៃលិន បានឱ្យដឹងថា រមណីយដ្ឋាន«អាងជីងចក់» ត្រូវបានគេបើកដំណើរការរយ:ពេលជាយូរមកហើយ ។ ប៉ុន្តែ រហូតមកដល់ពេលនេះ ខាងមន្ទីរលោករកម្ចាស់មិនទាន់ឃើញនោះឡើយ មិនស្គាល់ឈ្មោះនោះទេ ដោយពីមុនម្ចាស់ដីមាន ឈ្មោះ ទែង ភេទប្រុស រស់នៅក្នុងខេត្តប៉ៃលិន ដល់ពេលលោកសួរនាំ បុរសរូបនេះបាន ប្រាប់ថា គាត់បានលក់ឱ្យទៅអ្នកផ្សេងបាត់អស់ទៅហើយ ។
លោកបន្តទៀតថា កាលពីឆ្នាំ២០១៥-២០១៦ បន្ទាប់ពីម្ចាស់ក្ស័យធន ក៏សុំផ្អាកការបើករមណីយដ្ឋានមួយរយ:សិន ហើយក៏ស្ងាត់ឈឹងរហូតមកដល់ពេលនេះតែម្តង ។ ប៉ុន្តែ កាលពីពេលថ្មីៗ នេះ ខាងខេត្ត បានឱ្យលោកស្រាវជ្រាវរកម្ចាស់ដីដែរ តែរកមិនឃើញនោះឡើយ មិនដឹងជាម្ចាស់មួយណានោះទេ ។
ម្យ៉ាងវិញទៀត បច្ចុប្បន្ន ជារៀងរាល់ខែបុណ្យទាន គេឃើញមានអ្នកលក់ម្ហូបអាហារតិចតួច ២ទៅ៣ខ្យុស ដោយមានភ្ញៀវជាលក្ខណ:គ្រួសារចូលទៅលេងកំសាន្តនៅទីនោះប៉ុណ្ណោះ មិនច្រើនដូចពីមុននោះទេ ។ លោកមិនសង្ឃឹមថា រមណីយដ្ឋានមួយនេះ ត្រូវបានគេដំណើរការវិញនោះទេ ទាល់តែមានអ្នកវិនិយោគណាម្នាក់ចូលទៅទិញដីរៀបចំ ទើបអាចដំណើរឡើងវិញបាន ៕