(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០នេះ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តស្វាយរៀង។ ពិធីនេះត្រូវបានធ្វើឡើងនៅសាលាខេត្តស្វាយរៀង ដោយមានការចូលរួមពីរអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
កាលពីថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ទេរមុខតំណែងព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី-ខេត្ត សរុបចំនួ១៥ រូប។
សូមបញ្ជាក់ថា ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ទេរតំណែងលោក ខាំ សុផារី វរ:ព្រះរាជអាជ្ញាថ្នាក់លេខ២ ពីព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ ទៅជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង។ ចំណែក លោក គង់ ចន្ទ័ខេមរិទ្ធ ត្រូវបានព្រះមហាក្សត្រ ត្រាសបង្គាប់ផ្ទេរតំណែង ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ទៅជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ៕