ពិធីបុណ្យសិល្បៈ Street Art Fest ឬហៅថាកម្មវិធីសិល្បៈគំនូរលើជញ្ជាំង បានរៀបចំពិធីបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅមជ្ឃមណ្ឌលកម្សាន្តនិងទេសចរណ៍ WB Arena ដែលមានការអញ្ជើញចូលរួមពី លោក ជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ តំណាងអគ្គរដ្ឋទូត រួមទាំងភ្ញៀវកិត្តិយសពីប្រទេសសិង្ហបុរី និងបងប្អូនសាធារណជនកម្ពុជាជាច្រើនបានចូលរួម។ ពិធីបុណ្យសិល្បៈនេះ ជាកម្មវិធីមួយដែលបង្ហាញពីសិល្បៈគំនូរលើជញ្ជាំងរបស់វិចិត្រករល្បីឈ្មោះពីប្រទេសសិង្ហបុរី និងវិចិត្រករនៅកម្ពុជា ក្រោមគោលបំណងអបអរខួប ៥៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសិង្ហបុរី ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងគ្នានឹងគ្នា តាមរយៈសិល្បៈ វប្បធម៌ ដែលមានភាពស្រដៀងគ្នា និងជួយឧបត្ថម្ភដល់ អង្គការសិល្បៈខ្មែរអមតៈ រួមទាំងមូលនិធិកុមារកម្ពុជាផងដែរ។ ជាមួយនឹងអត្ថន័យដូចគ្នានេះដែរ លោក ជំទាវ ភឿង សកុណា បានថ្លែងថាព្រឹត្តិការណ៍ពិធីបុណ្យសិល្បៈ ដែលបានកំពុងរៀបចំនេះ អាចជាឱកាសដ៏ល្អមួយសម្រាប់យុវជនខ្មែរជំនាន់ក្រោយដែលមានទេពកោសល្យពាក់ព័ន្ធនឹងសិល្បៈគំនូរលើជញ្ជាំង ដែលបច្ចុប្បន្នជារូបភាពថ្មីនៅកម្ពុជានាសម័យទំនើប។



ពិធីបុណ្យសិល្បៈ Street Art Fest ឬហៅថាកម្មវិធីសិល្បៈគំនូរលើជញ្ជាំង នឹងនាំលោកអ្នកឱ្យមានភាពសប្បាយរីករាយជាមួយនឹងការប្រគុំតន្រ្តីដែលចូលរួមពីតារាល្បីៗនៅកម្ពុជា និងសិល្បៈករសិល្បការិនីពីសិង្ហបុរី ការសម្តែងសិល្បៈ ការបង្ហាញគំនូរលើជញ្ជាំងពីសិល្បករខ្មែរសញ្ជាតិអាមេរិក និងជានជាតិសិង្ហបុរី ការសម្តែងសិល្បៈចម្រុះ ការតាំងពិព័រណ៍ម្ហូមអាហារ និងសម្មភាពកម្សាន្តជាច្រើនទៀត។
ព្រឹត្តិការណ៍នេះ បានចាប់ផ្តើមបើកឱ្យសាធារណជនចូលរួមទស្សនាកំសាន្ត ពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ នៅទីតាំងមជ្ឃមណ្ឌលកម្សាន្តនិងទេសចរណ៍ WB Arena តាមបណ្តោយផ្លូវជាតិលេខ២។
អត្ថបទដោយៈ សំណាង