បើមិនមានអ្វីប្រែប្រួលនោះទេ កីឡាការិនីប្រដាល់សកលជម្រើសជាតិកម្ពុជា គឺកីឡាការិនី
នៅ ស្រីពៅ នឹងមានឱកាសទៅរស់ និងហ្វឹកហាត់ប្រដាល់សកលអាជីព នៅប្រទេសជប៉ុន តែម្ដង នេះបើយោងតាមការអោយដឹងពីសំណាក់លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។ លោកអគ្គលេខាធិការបានបន្ថែមទៀតថា មូលហេតុដែលខាងជប៉ុន មានគម្រោងនាំយកកីឡាការិនី នៅ ស្រីពៅ ទៅរស់ និងហ្វឹកហាត់ប្រដាល់សកលអាជីព នៅប្រទេសជប៉ុន មុនគេដោយសារ ក្នុងអំឡុងពេលដែលស្រី ពៅ ទៅហ្វឹកហាត់នៅប្រទេសជប៉ុន មុនពេលចេញទៅប្រកួតសុីហ្គេម នៅប្រទេសហ្វីលីពីន ជាមួយកីឡាករ-កីឡាការិនី ប្រដាល់សកលចំនួន២ រូបទៀតគឺ វី ស្រីខួច និង ពេជ្រ ម្ទេសខ្មាំង លោក Motohashi និងភរិយា ដែលធ្លាប់នាំកីឡាករ-កីឡាការិនី ប្រដាល់សកលទៅហ្វឹកហាត់នៅប្រទេសជប៉ុន និងក្រុមគ្រួសារ បានស្រលាញ់រាប់អាន នៅ ស្រីពៅ ដូចជាកូនធម៌ របស់គាត់ ព្រោះគាត់មើលឃើញ នូវភាព អំណត់ តស៊ូ របស់ស្រីពៅ មិនតែប៉ុណ្ណោះលោក Motohashi និងភរិយា ក៏នឹងមានគម្រោងនាំកីឡាករដទៃទៀតនៅពេលក្រោយ។ទាក់ទងនឹងការគម្រោងចេញទៅ រស់នៅ និងហ្វឹកហាត់នៅប្រទេសជប៉ុនរបស់ស្រី ពៅ នេះផងដែរ ភាគីខាង សហព័ន្ធ និងខាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បាននឹងកំពុងតែដំណើរការរត់ឯកសារ៕