ខេត្តកែប៖ ពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់តំបន់ ស្ដីពី សកម្មភាពថ្នាក់ភូមិ ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចនានា!
........................................................
ថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០!
អង្គពិធីប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងលោកជំទាវ អ៊ុល ភីរុណ អភិបាលរងនៃគណៈអភិបាលខេត្តកែប និងលោកស្រី អ៊ូ សុគន្ធី ប្រធានមន្ទីរកិច្ចការនារីខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមពី មន្ទីរកិច្ចការនារីខេត្តទាំង៦រួមមាន៖ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង និងខេត្តរតនគីរី។

លោកជំទាវអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីបានថ្លែងក្នុងពិធីនេះថា អំពើជួញដូរមនុស្សគឺជារូបភាពនៃទាសករសម័យទំនើបក្នុងសតវត្សរ៍ទី២១នេះ។អំពើជួញដូរមនុស្សគឺជាការរំលោភបំពានលើសិទ្ធជាមួលដ្ឋានរបស់មនុស្សយ៉ាងធ្ងន់ធ្ងរ និងផ្ដល់នូវទុក្ខវេទនាដល់ជនរងគ្រោះ ក្រុមគ្រួសារ ព្រមទាំងដាក់បន្ទក់ផ្នែកសេដ្ឋកិច្ច និងសង្គមទូទៅ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជាតាមរយៈការបង្កើតយន្តការជាតិ ឯកសារគតិយុត្ត គោលនយោបាយ និងកម្មវិធីជាតិជាច្រើនដើម្បីដោះស្រាយបញ្ហានេះ និងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ប្រតិបត្តិករពាក់ព័ន្ធទាំងអស់ទាំងកម្រិតថ្នាក់ជាតិតំបន់ ក៏ដូចជាអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា។

ដើម្បីរួមចំណែកអនុវត្តការងារនេះអោយកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្រសួងកិច្ចការនារីដែលមាន លោកជំទាវរដ្ឋមន្រ្តី ជាអនុប្រធាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រធានក្រុមការងារបច្ចេកទេសផ្នែកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិនេះ និងជាប្រធានក្រុមការងារ ខមមីត កម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ត របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩-២០២៣ផងដែរ  ។