យោងតាមមិត្តរួមក្រុមរបស់ Di Maria កីឡាករ Marcin Bulka បានឲ្យដឹងថា ខ្សែបម្រើសញ្ជាតិអាហ្សង់ទីនរូបនេះពិតជាស្អប់ក្រុមបិសាចក្រហម Man Utd ដែលជាអតីតក្រុមរបស់គេយ៉ាងខ្លាំង។ គ្រប់ពេលដែលគេឃើញក្រុមបិសាចក្រហមលេងលើកញ្ចក់ទូរទស្សន៍ ទឹកមុខគេនឹងប្រែជាស្រពោន ហើយស្ទុះទៅចុចបិទទូរទស្សន៍ភ្លាមៗ។ គេបានបន្ថែមទៀតថា  Di Maria គ្មានចំណុចវិជ្ជមាន ឬអនុស្សាវរីយ៍ល្អសូម្បីតែមួយក្នុងអំឡុងពេលដែលគេនៅកីឡដ្ឋាន Old Trafford។ Di Maria ត្រូវបានជាប់ឈ្មោះជាកីឡាករដែលលេងល្អបំផុតប្រែទៅជាលេងអន់បំផុតបន្ទាប់ពីគេបានផ្ទេរទៅកាន់ក្រុម Man Utd ក្រោយរជ្ជកាលរបស់លោកគ្រូ Sir Alex Ferguson។ នៅពេលនោះ Di Maria ត្រូវបានលោក Luis Van Gaal ដែលជាអ្នកចាត់ការក្រុមបិសាចក្រហមកាលពីរដូវកាលនោះប្រគល់អាវលេខ៧ឲ្យទៅរូបគេពាក់ ហើយគេបានក្លាយទៅជាកីឡាករដំបូងដែលបានប្រើប្រាស់អាវលេខ៧នេះក្រោយ Cristiano Ronaldo ទុកវាចោលបន្ទាប់ពីផ្ទេរទៅ Real Madrid នៅឆ្នាំ២០០៩ (ខណៈដែល Michael Owen និង Antonio Valencia ពាក់វាបានតែមួយរយៈប៉ុណ្ណោះ។ ទង្វើរបស់ Di Maria ធ្វើឲ្យ Bulka គិតថាគេមិនដែលចង់ទៅលេងឲ្យក្រុម Man Utd តាំងពីដំបូង ប៉ុន្តែអាចមានហេតុផលអ្វីមួយដែលជំរុញចិត្តគេឲ្យទៅទីនោះ។ Di Maria ផ្ទេរមកកាន់ក្រុមបិសាចក្រហមនៅរដូវកាលឆ្នាំ 2014 ក្រោមការដឹកនាំរបស់លោក LVG ក្នុងតម្លៃខ្លួនផ្ទេរពី Real Madrid £59.7m នេះតាមរបាយការណ៍របស់ BBC Sport។ Di Maria ចំណាយពេលត្រឹមតែ១រដូវកាលប៉ុណ្ណោះនៅទីនោះ រួចក៏សម្រេចចាកចេញក្រោយធ្លាក់ទម្រង់យ៉ាងខ្លាំង និងរងការរិះគន់ពីហ្វេនស្ទើររាល់ថ្ងៃ ទីបំផុតគេបានផ្ទេរទៅចូលរួមជាមួយក្រុមជើងឯកលីគកំពូលបារាំង PSG ក្នុងតម្លៃខ្លួន £44m ហើយទម្រង់របស់គេក៏ចាប់ផ្តើមឡើងវិញចាប់ពីពេលនោះមក។