ខ្សែបម្រើក្រុមមាន់ខ្នាយមាស Totthenham Hotspurs កីឡាករ Dele Ali ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេសហៅកាត់ FA សម្រេចធ្វើការផាកពិន័យដោយសារគេបានបង្ហោះលើបណ្តាញសង្គមទាក់ទងនឹងរឿងមេរោគកូរ៉ូណា។ Ali វ័យ២៣ឆ្នាំ បានបង្ហោះវីដេអូ Snapchat ដោយលេងសើចឌឺដង ចំអន់ដាក់បុរសជនជាតិអាស៊ីម្នាក់ពីការផ្ទុះឡើងនៃមេរោគកូរ៉ូណា។ មិនបានប៉ុន្មានផង Ali បានលុបវីដេអូននោះវិញ ហើយបង្ហោះវីដេអូមួយទៀតក្នុងកម្មវិធី Weibo របស់ចិនដោយបានពោលពាក្យសុំទោសថា ៖ ខ្ញុំធ្វើឲ្យតម្លៃខ្លួនឯង និងក្លិបធ្លាក់ចុះ។ Ali ត្រូវបានពិន័យដោយធ្វើខុសក្រមសីលធម៌វិជ្ជាជីវៈ និងបំពានលើមាត្រា E3 របស់សហព័ន្ធបាល់ទាត់អង់គ្លេស។ គណៈកម្មការ FA បានចេញសេចក្តីប្រកាសមួយថា៖ វាជាការបំពានលើមាត្រា E3(2) ដែលកីឡាករបាល់ទាត់អាជីពម្នាក់មិនអនុញ្ញាតឲ្យធ្វើការឌឺដងដៀមដាម បង្ហាញទឹកមុខ ឬកាយវិការមិសមរម្យ រើសពូជសាសន៍ពណ៌សម្បូរដាក់ជនជាតិ ឬសាសនាណាមួយឡើយ។ សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេដែល Ali ធ្វើខុសសីលធម៌បែបនេះដោយកាលពីប្រកួតក្នុងពានរង្វាន់ UCL កាលពីសប្តាហ៍មុនពេល Spurs ចាញ់ Leipzig ក្នុងដីខ្លួនឯង 0-1 នោះ ខ្សែបម្រើឆ្នើមសញ្ជាតិអង់គ្លេសរូបនេះក៏បានបញ្ចេញកាយវិការមិនសមរម្យដែរដោយគេអន់ចិត្តនឹងលោក Jose Mourinho ដែលផ្លាស់ប្តូរគេចេញទាំងដែលគេនៅចង់លេងខ្លាំង។ គេបានបដិសេធទទួលអាវរងារពីជំនួយការគ្រូបង្វឹក រួចដាក់ដបទឹកចុះលើដី និងដោះស្បែកជើងមកបោកមួយទំហឹងដៃប៊ិះត្រូវកណ្តាលមុខ Gedson Fernandez ដែលអង្គុយនៅកៅអីបម្រុងក្បែរនោះទៀតផង។