៣ប្រកួត៧ពិន្ទុចាត់ទុកថាជាការចាប់ផ្តើមរដូវកាលដ៏ល្អមួយសម្រាប់ក្រុម Angkor Tiger FC។ ទោះយ៉ាងនេះក្តី លោក Oriol Mohedano នៅមិនទាន់អបអរលឿនពេកឡើយ ពីព្រោះរដូវកាលនៅសល់ពេលវែងឆ្ងាយទៀត ហើយលោកដឹងច្បាស់ថាការប្រកួតលីគក្នុងឆ្នាំ២០២០នេះនឹងមានការប្រកួតប្រជែងខ្លាំងជាងឆ្នាំមុនៗទៀត។ យ៉ាងណាមិញ ថ្មីៗនេះក្លិបបានប្រកាសជ្រើសរើសយុវជនអាយុក្រោម១៨ឆ្នាំឲ្យចូលរួមជាមួយពួកគេដែលមានលក្ខខណ្ឌងាយៗតែប៉ុណ្ណោះ។ ចំពោះរឿងនេះ គ្រូធំសញ្ជាតិអេស្ប៉ាញរបស់ក្រុមខ្លាទឹកក្រូចខេត្តសៀមរាប បានគាំទ្រចំពោះយុទ្ធសាស្ត្របណ្តុះថ្នាលនេះយ៉ាងខ្លាំង ពីព្រោះលោកជឿថាវាជាឬសនៃការកសាងធនធានបាល់ទាត់កម្ពុជាឲ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត។លោកបានប្រាប់ថា«លោកតែងតែចង់ឃើញគ្រប់ក្លិបទាំងអស់ ពិសេសសហព័ន្ធយកចិត្តទុកដាក់ខ្លាំងលើការអភិវឌ្ឍធនធានថ្នាល ដូចយើងឃើញជាក់ស្តែង យុវជនអាយុក្រោម១៨ឆ្នាំយើងមានប្រាជ្ញាស្មារតីល្អ ឆ្លាត រហ័សរហួន មានភាពប្រកួតប្រជែង និងមានផ្នត់គំនិតស្រេកឃ្លានជ័យជម្នះ ទាំងអស់នេះហើយដែលជំរុញឲ្យពួកគេប្រើអស់កម្លាំងកាយចិត្តដើម្បីវិវត្តន៍ខ្លួនឲ្យទៅជាកីឡាករលំដាប់ម្នាក់។» គ្រូជនជាតិកាតាឡាន់រូបនេះអះអាងថា ខ្លួនអាចខុសពីគ្រូដទៃដោយសារលោកផ្ទាល់ឲ្យតម្លៃទៅលើកម្រិតសមត្ថភាព ជាជាងឱកាស។ លោកបានប្រើសម្តីយ៉ាង logic ថា៖ «មិនថាដី ទឹក ឬអាកាសទេសុទ្ធតែមានកម្រិតរបស់វាទាំងអស់ ដូច្នេះសម្រាប់លោកនៅក្នុងបាល់ទាត់ក៏បែបនេះដែរ។» លោកបានបន្ថែមថា៖ វាមិនទាក់ទងនឹងការផ្តល់ឱកាសទេ ប៉ុន្តែសំខាន់លើកម្រិត។ ពាក្យថាកម្រិតមួយម៉ាត់នេះគឺលោកចង់សំដៅទៅលើកម្រិតសមត្ថភាព និងបច្ចេកទេសដែលកីឡាករថ្នាលម្នាក់ៗមានក្នុងខ្លួន។ សូមរំលឹកឡើងវិញផងដែរថា ក្រុម Angkor Tiger FC ចាប់ផ្តើមលីគកំពូល៣ប្រកួតកន្លងមកនេះឈ្នះ២ ស្មើ១ មាន៧ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៤បណ្តោះអាសន្ន ហើយនៅថ្ងៃអាទិត្យទី៨ មីនានេះពួកគេនឹងបើកទ្វារផ្ទះនៅកីឡដ្ឋាន SRU ស្ថិតក្នុងទឹកដីខេត្តសៀមរាប ស្វាគមន៍សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ វេលាម៉ោង៣និង៣០នាទីរសៀល។