ខេត្តមណ្ឌលគិរី ៖ សត្វដំរីត្រូវបានមនុស្សប្រើប្រាស់ ជាកម្លាំងអូសទាញដ៏ចាំបាច់តាំងពីបុរាណកាលមក សូម្បីប្រាង្គប្រាសាទដ៏ល្បីល្បាញរបស់កម្ពុជាដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិរាប់លាននាក់ ពីគ្រប់បណ្តាទ្វីបលើសាកលលោក ក៏ត្រូវបានព្រះមហាក្សត្រជំនាន់នោះប្រើសត្វដំរីជួយអូសទាញផ្ទាំងថ្មធំៗសង់ផ្គុំជាប្រាសាទដ៏មហិមា។
ក្រលែកមកមើលពីបច្ចុប្បន្នភាពរបស់សត្វដំរីដែលកំពុងមានវត្តមាននៅទឹកដីខេត្តមណ្ឌលគិរី បើទោះជាសព្វថ្ងៃគេលែងប្រើប្រាស់វាសម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរ ឬជាកម្លាំងអូសទាញ ព្រោះតែមានមធ្យោយបាយបែបទំនើបជំនួសការប្រើសត្វដំរីក៏ដោយ ក៏ពពួកសត្វមានមាឌធំៗទាំងនេះត្រូវបានអ្នកភូមិចិញ្ចឹមទុកដូចសមាជិកគ្រួសារ ហើយពួកវានៅតែអាចរកចំនូលបានពីវិស័យទេសចរផងដែរ។ជុំវិញការផ្សាភ្ជាប់ជីវិតសត្វដំរីជាមួយមនុស្សដែលមានប្រវត្តិរាប់ពាន់ឆ្នាំមកហើយ តែនៅមានអាថ៌កំបាំងមួយចំនួនដែលមនុស្សទូទៅមិនទាន់បានដឹងពីការប្រាស្រ័យទាក់ទងសកម្មភាពប្រចាំថ្ងៃ រវាង ហ្ម និង ដំរី ដូច្នេះកោះសន្តិភាពបានចុះជួបម្ចាស់ដំរីផ្ទាល់ដើម្បីសាកសួរពីសកម្មភាពប្រចាំថ្ងៃរបស់គាត់។
ជុំវិញចម្ងល់នេះលោក ធីង សោម អាយុ៣២ឆ្នាំ ជនជាតិដើមភាគតិចព្នង រស់នៅ ភូមិពូតាំង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ដែលទទួលកេរ្តិ៍ដំណែលសត្វដំរីពីឪពុករបស់គាត់ បានឲ្យដឹងថា ការចិញ្ចឹមសត្វដំរីខុសពីចិញ្ចឹមសត្វផ្សេងៗ ព្រោះសត្វដំរីមានអារម្មណ៏មនោសញ្ចេតនាដូចមនុស្ស ចេះខឹង ចេះប្រច័ណ្ឌ ចេះសប្បាយចិត្តឬកើតទុក្ខ ដែលទាមទារការមើលថែឲ្យបានដិតដល់។
អ្នកចិញ្ចឹមសត្វដំរីក៏ត្រូវមានត្រណមជាច្រើនផងដែរ ជៀសវាងខុសប្រពៃណីដែលអាចធ្វើឲ្យពួកគាត់ ត្រូវចំណាយច្រើនលើការសែនព្រេនអារុកអារក្សអ្នកតា។ត្រណមដែលគេត្រូវគោរពជាចាំបាច់នោះមានដូចជា នៅពេលមានស្ត្រីក្នុងភូមិណាម្នាក់សម្រាលកូន ឬផ្ទះណាមានពិធីបុណ្យសព ហ្មដំរី មិនត្រូវចូលរួមទេ ព្រោះនិងធ្វើឲ្យសត្វដំរីឈឺ ។តែបើពិធីបុណ្យសពនោះជាសាច់ញាតិ សមាជិកក្នុងគ្រួសារជៀសមិនរួចពីការចូលរួម គេត្រូវរៀបពិធីសែន(លិះលាង)ជាមុន ដោយសំណែនមាន មាន់ ជ្រូក ស្រាពាង ។
សព្វថ្ងៃនេះគ្រួសារលោក ធីង សោម បានចិញ្ចឹមសត្វដំរីញីមួយក្បាល ឈ្មោះក្រពុំ អាយុជាង៣០ឆ្នាំ ដែលវាត្រូវបានឪពុករបស់លោក ទិញពីអ្នករស់នៅភូមិមេម៉ង់ ស្រុកកែវសីមា កាលពីអំឡុងឆ្នាំ២០០១ ក្នុងតម្លៃ១៥តម្លឹងមាស ។ ដែលកាលនោះវានៅតូច កម្ពស់ប្រហែល១ម៉ែត្រកន្លះប៉ុនណោះ ហើយរាល់ថ្ងៃវាបានធំធាត់ពេញវ័យ មានមាឌធំ កម្ពស់ជាង២ម៉ែត្រឯណោះ។
រំឮកកាលដំរីក្រពុំនៅតូចលោក ធីង សោម បានឲ្យដឹងថា គ្រួសាររបស់លោកមិនមានជំនាញបង្ហាត់បង្រៀនវានោះទេ ពោលគឺចិញ្ចឹមតាមគ្នាទម្លាប់តាំងពីដូនតាមក។ប៉ុន្តែការមើលថែសត្វដំរីក៏ត្រូវការសម្ភារៈមួយចំនួនដែរ ដើម្បីបង្ក្រាបពេលវារករឿងធ្វើបាបម្ចាស់។សម្ភារៈដែលហ្មដំរី ប្រើនោះ មានដូចជា រំពាត់ផ្តៅ ដងកង្វែ វាយទៅលើក្បាលឬលើដងខ្លួន ពេលដែលដំរីមិនស្តាប់បញ្ជា។និយាយពីការផ្គត់ផ្គង់ចំនីប្រចាំថ្ងៃឲ្យដំរីក្រពុំស៊ី លោក សោម បានបញ្ជាក់ថា នៅពេលថ្ងៃប្អូនរបស់គាត់យកវាទៅឃ្វាតាមព្រៃមាត់អូរ សម្បូរចេកព្រៃ ដើមឬស្សី។ តែថ្ងៃខ្លះមានភ្ញៀវទេសចរទៅទស្សនាដំរី វាក៏បានឆ្ងាញ់មាត់មួយពេលៗ ដោយភ្ញៀវបានទិញ ដើមអំពៅ ផ្លែចេក និងផ្លែឈើផ្សេងៗទុកឲ្យវាស៊ី ដើម្បីថតរូបលេង។
ថ្លែងប្រាប់អ្នកកាសែត លោក ធីង សោម បានឲ្យដឹងថា ភូមិដែលលោករស់នៅសព្វថ្ងៃនេះ មានអ្នកទេសចរយ៉ាង ហោច៥០០នាក់បានចូលទៅកម្សាន្តក្នុង១ខែៗ ជាពិសេសគឺភ្ញៀវបរទេស ដោយពួកគាត់ចាប់អារម្មណ៍ ការដើរលេងកម្សាន្តក្នុងព្រៃជាមួយសត្វដំរី ។ ការដើរលេងកម្សាន្តក្នុងព្រៃភ្ញៀវទេសចរចូលចិត្តឲ្យចំណី និងងូតទឹកអូរលេងជាមួយ សត្វដំរី ចំណែកការចំណាយដើរលេងតាមព្រៃភ្នំជាមួយសត្វដំរី អ្នកទេសចរត្រូវបង់លុយចំនួន៣០ដុល្លា ឬ១២០ ០០០៛ ក្នុង០១ថ្ងៃ ទៅឲ្យម្ចាស់សត្វដំរី ។
ជាទូទៅក្នុង១ខែមានអ្នកទេសចរដើរលេងកម្សាន្តព្រៃជាមួយដំរីឈ្មោះក្រពុំ របស់លោក ធីង សោម ប្រមាណ២០ថ្ងៃ និងអាចរកចំណូលឲ្យគ្រួសារលោកជាមធ្យម៦០០ដុល្លា ។ បច្ចុប្បន្ននេះដំរីទេសចរណ៍មិនអនុញ្ញាតឲ្យភ្ញៀវឡើងជិះនោះទេ ដោយពួកគាត់អាចលេងជាមួយវា ឬឲ្យចំណី ប៉ុនណោះព្រោះការយកសត្វដំរីទៅឲ្យភ្ញៀវជិះលេងកម្សាន្តហាក់បីដូចជាធ្វើទារុណកម្ម ។កន្លងមកទោះបីមានគេ ហ៊ានទិញក្រពុំក្នុងតម្លៃរាប់ម៉ឺនដុល្លាក៏លោកមិនលក់ដែរ មិនមែនព្រោះតែវាអាចរកចំណូលឲ្យលោកនោះទេ តែព្រោះមាន មនោសញ្ចេតនាជាមួយវា និងចាត់ទុកវាជាសមាជិកគ្រួសារ ។
លោក ឃុន ឌីយ៉ូន នាយកអង្គការសត្វដំរីនៅខេត្តមណ្ឌលគិរីបានប្រាប់ថា គិតត្រឹមឆ្នាំ២០១៩ សត្វដំរីចិញ្ចើម របស់អ្នកស្រុកនិងសត្វដំរីរបស់អង្គការលោកផ្ទាល់សរុបមានចំនួន៣៨ក្បាល ដោយតួលេខនេះបានថយចុះជាបន្តបន្ទាប់ ព្រោះតែសត្វដំរីទាំងនោះមិនបានបង្កកំណើតថ្មី ។ហើយកន្លងទៅនេះមានសត្វដំរីជាច្រើនបានងាប់ដោយសារវ័យចាស់ជរា និងខ្លះត្រូវបាញ់សម្លាប់ព្រោះវាចុះប្រេង ជាន់សម្លាប់ម្ចាស់។
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីធ្លាប់បានឲ្យដឹងថា សត្វដំរីព្រៃដែលមានវត្តមាននៅតាមបណ្តាព្រៃការពារក្នុងខេត្ត មានជាង៣០០ក្បាល ហើយចំនួននេះអាចការមានការប្រែប្រួល ព្រោះគេបានប្រទះឃើញហ្វូងដំរីខ្លះកើតកូនតូចៗបន្ថែមទៀត។ជាញឹកញយគេតែងបានឃើញហ្វូងសត្វដំរីព្រៃបង្ហាញខ្លួននៅស្រុកកែវសីមា ចុះលេងទឹកនៅចំនុចក្រោយសាលាស្រុក ដែលនេះជារឿងរីករាយបំផុតរបស់ក្រុមមន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ឋ ៕