​ភ្នំពេញ​ ៖ ប្អូនថ្លៃបានស្លាប់បាត់បង់ជីវិតគួរឲ្យអណោចអធម័ និងបងថ្លៃរងរបួសធ្ងន់ បន្ទាប់ពីបានជិះម៉ូតូឌុបគ្នាឆ្លងផ្លូវចេញពីផ្លូវបេតុងមិនប្រយ័ត្ន ត្រូវថយន្តមួយគ្រឿងបេីកមក បុក ពីក្រោយពេញទំហឹង​ ប៊ើងខ្ទាតទៅលើចិញ្ជើផ្លូវមុខផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង៩និង១៩នាទីយប់ ថ្ងៃចន្ទ ទី៣០ ខែមីនា​ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៨P​  ក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ប៉ែន សូលី ភេទប្រុស​ អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅម្តុំផ្សារ ហេងលី ក្នុងខណ្ឌទួលគោក មានស្រុកកំណើត ភូមិព្រែកខ្លូត  ស្រុករុក្ខ:គីរី ខេត្តបាត់ដំបង ។ ចំណែកជនរងគ្រោះម្នាក់ទៀត ដែលរងរបួសធ្ងន់មានឈ្មោះ ឡូង វន  ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅខេត្តព្រៃវែង ជិះម៉ូតូម៉ាកឌ្រីម សង់ C125 ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FF.0399 ។ ចំណែកឯរថយន្តបង្កម៉ាក ធុនត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខ2BA.9111 ។

​តាមប្រភពពីបុរសម្នាក់ត្រូវជាបងប្អូនជនរងគ្រោះបាន ប្រាប់ឲ្យដឹងថា​ មុនកើតហេតុប្អូនបង្កើតនិងប្អូនថ្លៃរបស់គាត់ ទាំងពីរនាក់បានមកលេងគាត់នៅម្ដុំក្បែរកន្លែងកើតហេតុតាំងពីក្បាលព្រលប់​ លុះដល់ម៉ោងកើតហេតុពួកគេក៏បាន នាំគ្នាចេញទៅផ្ទះវិញ​ ដោយជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់តាមបណ្ដោយផ្លូវបេតុងពីជើងទៅត្បូវដើម្បីទៅកន្លែងស្នាក់នៅវិញ​ ខណះមកដល់ចំណុចកើតហេតុខាងលើក៏មាន រថយន្តមួយគ្រឿងម៉ាក​ ធុនត្រា​ធ្វើដំណើរតាមបណ្តោយផ្លូវ58P ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ​ ហេីយក៏ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងនិងខ្ទាតជាច្រើនម៉ែត្រ​ បណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅនិងកន្លែង​ កើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ​ ។ ដោយឡែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល​ ដោយបន្សលល់ទុកស្លាកលេខនៅនឹងកន្លែងកើតហេតុផងដែរ។

​ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយក ម៉ូតូទៅរក្សាទុកបណ្ដោះអាសន្នរងចាំប្រគល់ជូនសាច់ញាតិវិញ។​ រីឯសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ជូនសាច់ញាតិដឹកទៅស្រុកកំណើតយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី​ ៕