ស្ទឹងត្រែងៈផ្ទះមន្ត្រីនគរបាលស្រុកសៀមប៉ាងម្នាក់បានរងការឆាបឆេះទាំងស្រុងនិងផ្ទះអ្នកជិតខាងចំនួន២ខ្នងទៀតនៅក្បែរនោះបានឆាបឆេះបណ្តាលអោយខូចាតអស់មួយចំនួនខណៈដែលកូនមន្រ្តីនគរបាលនោះបានដុតធូបមិនប្រុងប្រយ័ត្នទុកចោលហើយចុះទៅបាត់។ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង២០និង១០នាទីយប់ថ្ងៃទី៩មីនា២០២០ស្ថិតនៅភូមិសៀមប៉ាងឃុំសេកុង ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។
អធិការស្រុកសៀមប៉ាងលោក ជឹម អ៊េន បានអោយដឹងថាផ្ទះដំបូងដែលត្រូវបានអគ្គិភ័យឆាបឆេះនោះមានទំហំផ្ទះទទឹង១៥ម៉ែត្របណ្តោយ១៨ម៉ែត្រ បាំងក្តារ ប្រក់ស័ង្កសី សំភារៈក្នុងផ្ទះមានលុយ១.៦៦០០០០រៀល(មួយលានហុកសិបប្រាំមួយម៉ឺនរៀល)ម៉ាស៊ីនហុងដា១៣សេះមួយគ្រឿង ម៉ូតូ០១គ្រឿងទូរទស្សន៏២គ្រឿងនិងសម្ភារៈទាំងអស់ក្នុងផ្ទះត្រូវឆេះខ្ទេចទាំងស្រុង ។លោកថាម្ចាស់ផ្ទះខាងលើនេះឈ្មោះ ហឿង ថងខៀន ភេទស្រី អាយុ៤៤ឆ្នាំ(ស្រ្តីមេម៉ាយ)មុខរបរមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ។លោកបន្ថែមថានៅខណៈពេលអគ្គិភ័យកំពុងឆាបឆេះផ្ទះខាងលើបានរាលដាលដល់ផ្ទះជិតខាងចំនួន២ខ្នងផ្ទះទៀតបណ្តាលអោយខូចខាតអស់មួយចំនួន តែមិនមាននរណាម្នាក់រងរបួសទេ។
លោកអធិការបានបញ្ជាក់ថាករណីគ្រោះអគ្គិភ័យខាងលើបណ្តាលមកពីកូនរបស់ម្ចាស់ផ្ទះឈ្មោះហឿង ថងខៀនបានដុតធូបនៅលើផ្ទះហើយក៏ចុះទៅបាត់ទើបបណ្តាលអោយអគ្គិភ័យឆាបឆេះកើតឡើងតែម្តង។នៅក្នុងហេតុការណ៏នោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការស្រុកសៀមប៉ាងបានចុះជួយអន្តរាគមន៏ដល់កន្លែងកើតហេតុ ហើយបានធ្វើការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកអស់ចំនួន០៤ឡាន ឡានទឹកឯកជនអស់០២ឡាន និងបាញ់សង្គ្រោះតាមរយៈម៉ូទ័របាញ់ទឹកលាងឡាន ទើបភ្លើងរលត់ទៅវិញទាំងស្រុងនៅម៉ោង២៣និង១៥នាទីយប់ថ្ងៃដដែល។