ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃពុធ ៣ រោច ខែផល្គុន ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែ មីនា ឆ្នាំ ២០២០ នេះសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀបចំធ្វើពិធីបំពាក់កន្សែងដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យចំណេះទូទៅ បច្ចេកទេសបាវិត ចំនួន ២៧ នាក់ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចន្ទ្រា ២៨ សរុប ៥៥ នាក់ ស្រី ២៧ នាក់ ក្រោមអធិបតីភាពលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងមានការអញ្ចើញពីលោកជំទាវ លោក លោស្រី មន្រ្តីសាខា អនុសាខា លោកគ្រូ អ្នកគ្រូ យុវជនជាច្រើនរូបទៀត ។

ថ្លែងក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បានបញ្ជាក់ថា៖ យុវជនកាកបាទក្រហមកម្ពុជា គឺជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព ហើយនៅគ្រប់សម័យកាល គ្រប់សង្គម យុវជនជាកម្លាំងស្រួចដែលមានកម្លាំងកាយ-កម្លាំងចិត្ត និងស្មារតីភ្លឺស្វាង មានទឹកចិត្តក្លាហាន ពុះពារមិនរារែកគ្រប់ឧបសគ្គ ការលំបាកនានា ពិសេស យុវជនគឺជាសសរទ្រូងរបស់ប្រទេសជាតិទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត។

លោកជំទាវចែករំលែកនូវអនុសាសន៍មួយចំនួនសម្រាប់ក្រុមការងារយុវជន នៃកាកបាទក្រហមកម្ពុជា ដល់អង្គពិធីដូចខាងក្រោម ៖ ទី១.ត្រូវរួមគ្នាបន្តពង្រឹង និងពង្រីកកម្លាំងយុវជនកាកបាទក្រហមកម្ពុជាតាមលទ្ធភាព ជាក់ស្តែងរបស់សាខា អនុសាខា ។ តាមរយៈការពង្រឹងសមត្ថភាពយុវជន ការផ្តល់ឱកាសស្វ័យភាពការគ្រប់គ្រងសកម្មភាព ការងារបណ្តុះបណ្តាលមុខជំនាញដើម្បីចូលរួម សកម្មភាពត្រៀមបង្ការគ្រោះមហន្តរាយ ការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ការបរិច្ចាគឈាម ការសម្អាតបរិស្ថាន និងការដាំដើមឈើឳ្យបានច្រើន ដើម្បីបង្កើតបរិស្ថាន ឱ្យបានកាន់តែល្អប្រសើរសម្រាប់សង្គមជាតិ ។

ទី២.ត្រូវរួមគ្នាបន្តពង្រឹងសកម្មភាព មិត្តអប់រំមិត្ត មិត្តជួយមិត្ត ដែលមានជីវភាព លំបាកក្នុងការសិក្សា និងការរស់នៅប្រចាំថ្ងៃនៅតាមសាលាប្រកបដោយប្រសិទ្ធភាព ត្រូវរួមចំណែកផ្តល់ចំណេះដឹង ស្តីពីវិជ្ជាសង្រ្គោះបឋម ការថែទាំអនាម័យ និងសុខភាព ការការពារជំងឺឆ្លង និងជំងឺមិនឆ្លងក្នុងសហគមន៍ ត្រូវជួយផ្សព្វផ្សាយអប់រំសុខភាពក្នុង គ្រាអាសន្ន ។

ទី៣.ត្រូវរួមគ្នាបន្តពង្រឹងយន្តការគ្រប់គ្រងយុវជនកាកបាទក្រហមកម្ពុជា ដែលមាន ស្រាប់តាមការផ្តល់ប័ណ្ណសម្គាល់ខ្លួនដល់យុវជន និងការពង្រឹងកិច្ចសហប្រតិបត្តិការ ថ្នាក់ជាតិ និងអន្តរជាតិ តាមរយៈការធ្វើទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ សិក្ខាសាលា វេទិកាយុវជន និងវគ្គបណ្តុះបណ្តាលនានា ដើម្បីធានាសុខដុមនីយកម្ម និងរឹតចំណង មិត្តភាព សាមគ្គីភាពក្នុងចំណោមយុវជន ទាំងក្នុងក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិ ។

ទី៤.ត្រូវបន្តឱ្យមានវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ដល់យុវជន រួមទាំងការបន្ត ផ្សព្វផ្សាយនូវសេចក្តីណៃនាំនានា របស់កាកបាទក្រហមកម្ពុជា ឱ្យបានប្រកបដោយ ប្រសិទ្ធភាព និងទូលំទូលាយ ដើម្បីងាយស្រួលក្នុងការបំពេញសកម្ម ភាពមនុស្សធម៌ នៅគ្រប់មជ្ឈដ្ឋានទូទាំងខេត្ត ។

ទី៥.ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែមទៀត ជាពិសេសការលើកទឹកចិត្ត យុវជនឱ្យចូលរួមជាកម្លាំងស្ម័គ្រចិត្ត ដើម្បីធានាបាននូវវឌ្ឍនភាព និងចីរភាពនៃកម្លាំង មនុស្សធម៌វ័យក្មេងសម្រាប់បន្តវេណក្នុងសកម្មភាពជួយសហគមន៍នៅក្នុងខេត្ត ។

ទី៦.ត្រូវបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងការចេះជួយគ្នាទៅវិញទៅមក ជាមួយ អង្គការយុវជននានា និងបណ្តាញយុវជននៅគ្រប់ជំនាន់ដោយមិនត្រូវមើលស្រាលអ្នក ដទៃ និងការបែងចែក ការប្រកាន់បក្សពួក ដែលធ្វើឱ្យបែកបាក់សាមគ្គីភាព នៅក្នុងចំណោម យុវជនកាកបាទក្រហមកម្ពុជា ។
ទី៧.សូមផ្តាំផ្ញើដល់ក្មួយៗយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ថា ក្មួយៗត្រូវ មានស្មារតីទទួលខុសត្រូវខ្ពស់នៅពេលបំពេញភារកិច្ចរបស់ខ្លួន ក្មួយៗត្រូវផ្សាភ្ជាប់ចំណេះវិជ្ជា របស់ក្មួយៗដែលមានស្រាប់ទៅនឹងការអនុវត្ត នៃការសិក្សាជំនាញថ្មីៗដែលក្មួយទើបទទួលបាន ដើម្បីក្មួយៗអាចជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងសហគមន៍ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ។

ក្នុងឱកាសនោះលោកជំទាវបាននាំយកនូវថវិការបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបត្ថម្ភដល់ទីប្រឹ ក្សា និងយុវជនចំនួន ៥៥ នាក់ ក្នុងម្នាក់ថវិកា ២០,០០០ រៀល ។

បន្ទាប់មកក្រុមការងារបានចូលរួមដាំកូនឈើ ក្នុងបរិវេនសាលា ដើម្បីជាម្លប់ និងមានសោភ័ណ្ឌភាពនៅទីធ្លាសាលា ។