លោក Carlos Ancelotti ស្នើសុំឲ្យអាជ្ញាកណ្តាលពន្យល់ឲ្យច្បាស់ជាងនេះពីរឿងដែល VAR ថាគ្មានគ្រាប់បាល់! ភាពចម្រូងចម្រាស់ដោយសារ VAR បានកើតឡើងសារជាថ្មីម្តងទៀតក្នុងការប្រកួតរវាងក្រុម Everton និង Man Utd កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុននេះ។ គ្រាប់បាល់ចុងម៉ោងដែលស៊ុតចេញពីជើងខ្សែប្រយុទ្ធ Everton កីឡាករ Dominic Carlvert-Lewin ទៅប៉ះនឹងជើងខ្សែការពារ Man Utd កីឡាករ McGuire រួចបាល់រមៀលកាត់ក្បែរជើងខ្សែប្រយុទ្ធ Everton ម្នាក់ទៀតដែលកំពុងអង្គុយមុខទី Man Utd បណ្តាលឲ្យផុតជំហរអ្នកចាំទី De Gea ធ្វើឲ្យបាល់រមៀលចូលទី។ ឃើញបែបនោះកីឡាករ Everton នាំគ្នាស្ទុះរត់ទៅអបអរជាមួយហ្វេនដែលកំពុងតែស្រែកហ៊ោកញ្ជ្រៀវពេញកីឡដ្ឋាន Goodison Park ពីព្រោះពួកគេជឿថា ១គ្រាប់ចុងម៉ោងនេះនឹងនាំយក៣ពិន្ទុដ៏សំខាន់មកឲ្យក្រុមពួកគេ។ ជាអកុសល្យ VAR បានបញ្ជាក់ប្រាប់អាជ្ញាកណ្តាលថា គ្រាប់បាល់ទី២នោះមិនអនុញ្ញាតឡើយ។ ការសម្រេចចិត្តមួយនេះធ្វើឲ្យគ្រូបង្វឹក Everton លោក Carlo Ancelotti ក្តៅចិត្តយ៉ាងខ្លាំង មិនគួរណាអាជ្ញាកណ្តាលមើលឃើញគ្រាប់បាល់១នោះជាគ្រាប់ Offside ទាល់តែសោះទាំងដែលរូបភាពយឺតៗបានបង្ហាញយ៉ាងច្បាស់ថាបាល់នោះមិនបានប៉ះជើង Sigurdsson ដែលកំពុងអង្គុយនៅមុខទីនោះឡើយ ផ្ទុយទៅវិញវាបានប៉ះតែជើងខ្សែការពារ Man Utd រួចហើយក៏រមៀលចូលទីតែម្តង។ ដោយសារការតវ៉ាច្រើនពេកធ្វើឲ្យលោក Ancelotti ត្រូវអាជ្ញាកណ្តាលពិន័យកាតក្រហមក្រោយចប់ប្រកួតទៀតនាំឲ្យគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះត្រូវអវត្តមានក្នុងជំនួបជាមួយ Chelsea នៅចុងសប្តាហ៍នេះ។ យ៉ាងណាមិញ លោក Ancelotti អះអាងថា លោកមិនបានឈ្លើយដាក់អាជ្ញាកណ្តាល ឡើយ គ្រាន់តែមិនយល់អ្វីដែលពួកគេសម្រេច ហើយទាមទារឲ្យមានការពន្យល់ឲ្យលម្អិតជាងនេះទៀត។ លោកយល់ថា VAR ដើរតួនាទីសំខាន់ក្នុងការផ្ទៀងផ្ទាត់គ្រាប់បាល់ ប៉ុន្តែអ្នកបញ្ជាវាគឺរឹតតែសំខាន់ខ្លាំងទៀត។ សូមបញ្ជាក់ថា ក្នុងជំនួបសប្តាហ៍ទី២៨នេះ ក្រុម Everton បានត្រឹមស្មើ ១-១ ជាមួយក្រុមបិសាចក្រហម Man Utd ក្រោយអ្នកចាំទី De Gea បង្កកំហុសទាត់បាល់ទៅប៉ះនឹងខ្សែប្រយុទ្ធ Everton ធ្វើឲ្យបាល់ខ្ទាតបញ្ចូលទីតាំងពីនាទីទី៣ ប៉ុន្តែ Bruno Fernandes របស់ក្រុមបិសាចក្រហមស៊ុតពីចម្ងាយយ៉ាងល្អតាមបានស្មើវិញនៅនាទី៣១។ លទ្ធផល ១-១ នេះរក្សារហូតដល់ម៉ោងបន្ថែមរបួសតង់ទី២ទៅហើយក្រុមម្ចាស់ផ្ទះ Everton មានឱកាសស៊ុតបញ្ចូលទី១គ្រាប់ទៀត ប៉ុន្តែបែរជាត្រូវ VAR សម្រេចថាគ្រាប់បាល់នោះជាគ្រាប់បាល់ Offside ធ្វើឲ្យ Everton បាត់អស់២ពិន្ទុ ហើយក្រុមបិសាចក្រហមអាចរក្សាបាន១ពិន្ទុត្រឡប់មកផ្ទះវិញ។ គួររំលឹកថា ក្នុងជំនួបទាំង២ជើងក្នុងរដូវកាលនេះ ក្រុមទាំង២ស្មើគ្នាដោយលទ្ធផល ១-១ ទាំង២ជើងតែម្តង។