ភ្នំពេញ៖ជារឿងសំណាងមួយក្នុងចំណោម១ពាន់គ្រោះថ្នាក់ដែលគ្មានអ្នកស្លាប់គ្រាន់តែរងរបួសស្រាល២នាក់ព្រមទាំងខូចខាតសម្ភារៈមួយចំនួនប៉ុណ្ណោះ ខណៈដែលរថយន្តទ្រុងដឹកទំនិញ១គ្រឿងបើកបរក្នុងល្បឿនលឿនហើយបានរេចង្កូតបុកឡើងលើសួនសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹងរួចហោះទៅកៀរអ្នកជិះម៉ូតូ បណ្ដាលឲ្យដួលរងរបួស២នាក់បន្ទាប់មកទើបជ្រុលទៅបុកចូលក្នុងផ្ទះលក់គ្រឿងសំណង់មួយកន្លែង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២០ ស្ថិតនៅលើកំណាត់ផ្លូវលេខ២១៧ ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តទ្រុងដឹកទំនិញ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៍ស ពាក់ស្លាក លេខ ភ្នំពេញ2AQ -0336បើកបរក្នុងល្បឿនលឿនពីទិសខាងជើងទៅត្បូង។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុសង្ស័យអ្នកបើកបរងងុយដេកហើយងោក១ភាំងស្រាប់តែរេចង្កូតបុកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ រួចហោះផ្លោងទៅកៀរម៉ូតូ១គ្រឿងម៉ាក ស៊ុយហ្ស៊ុយគីនិចពណ៍ខ្មៅលាយក្រហមបណ្ដាលឲ្យដួលរងរបួសយុវជន២នាក់យ៉ាងដំណំ។ទើបជ្រុលទៅបុកចូលផ្ទះលក់គ្រឿងសំណង់មួយនៅជិតនោះទាំងកម្រោល បណ្ដាលឲ្យខូចខាតសម្ភារៈសំណង់មួយចំនួនរួមនិងម៉ូតូក្នុងនោះចំនួន២គ្រឿងផងដែរ។
ប្រភពដដែលបានបន្តថា ហេតុការណ៍នេះមិនបាន បណ្ដាលឲ្យម្ចាស់ផ្ទះរងរបួសឡើយ ហើយក្រោយពេលបង្កហេតុអ្នកបើកវររថយន្តបានចុះរត់គេចខ្លួនប៉ុន្តែរត់មិនរួចដោយត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ដង្កោនិងប្រជាការពារដេញតាមចាប់បានរួចនាំទៅសាកសួរនិងកសាងសំណុំរឿង។បន្ទាប់មកនគរបាលចរាចរណ៍ខណ្ឌដង្កោចុះទៅកាន់កន្លែងកើតហេតុនាំយករថយន្តបង្កទៅរក្សាទុករង់ចាំការដោះស្រាយតាមច្បាប់នៅពេលក្រោយ៕