ភ្នំពេញ ៖ រថយន្តតាក់ស៊ីមួយគ្រឿងបើកបរដោយបុរសម្នាក់ ស្ថិតក្នុងស្ថានភាពងងុយដេក បានទៅបុករថយន្តសាម៉ុយដឹកអ្នកជំងឺរបស់មន្ទីពេទ្យបព្រះកុសមៈ បណ្តាលឲ្យរងការខូចខាត និងអ្នកជំងឺត្រូវបានលើកដាក់រថយន្តមួយគ្រឿងទៀតយកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត ភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១៖៤៥នាទីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវR៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកសាំយ៉ុង ព័ណសំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2AF-5864 បើកបរដោយបុរសម្នាក់ទិសដៅត្បូងទៅជើង ស្ថិតក្នុងស្ថានភាពងងុយដេក លុះមកដល់ចំណុចកើតខាងលើផ្លូវបែកជាបួន(ភ្លើងស្តុប) បានជ្រុលទៅបុករថយន្តសាម៉ុយដឹកអ្នកជំងឺ ទិសដៅពីលិចទៅកើត បណ្តាលឲ្យរងការខូចខាតទាំងសងខាង រីឯអ្នកជំងឺត្រូវបានគេនាំគ្នាលើកដាក់រថយន្តមួយគ្រឿងទៀតដើម្បីយកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត ភ្លាមៗ ។ រីឯតៃកុងរថយន្តតាក់ស៊ីបង្កបានរត់គេចបាត់ស្រមោលពីកន្លែងកើតហេតុតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុង មកវាស់វែង ធ្វើកំណត់ហេតុយករថយន្តទាំង២គ្រឿងទៅរក្សាទុក ដើម្បីស្វែងរកម្ចាស់រថយន្តបង្ក ឲ្យចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ ៕