ខេត្តកំពង់ឆ្នាំង៖
សមត្ថកិច្ចចំរុះរួមមានមន្ត្រីជលផល មន្រ្តីបរិស្ថាន នគរបាល ប៉ុស្តិរដ្ឋបាល សហគមន៍នេសាទ និងអាជ្ញាធរមូលដ្ឋាន សរុបរួមមានគ្នាជាង២០នាក់ មានប្រើប្រាស់ម៉ូតូចំនួន១២គ្រឿង ដឹកនាំដោយ លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះទៅពិនិត្យវាស់វែងដីព្រៃលិចទឹក ដែលជនល្មើសបានកាប់បំផ្លាញមាន៣ចំណុច នៅក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ ដោយរកឃើញការខូចខាតដីព្រៃលិចតំបន់៣ទឹកអស់ប្រមាណ ៣ហិកតា ។
ការចុះទៅពិនិត្យមើលព្រៃលិច្ចទឹកដែលក្រុមជនល្មើសលួចកាប់រុករានទន្ទ្រានដុតយកធ្វើជាកម្មសិទ្ធនេះបានធ្វើឡើងព្រឹកថ្ងៃទី២៤មិនា២០២០ម្សិលមិញនៅចំណុចភូមិកំពង់ព្រះគគីស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំង ។
នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង លោក លីឡា ក្រោយពីចុះត្រួតពិនិត្យវាស់វែងដីព្រៃលិចទឹកដែលរងការកាបើទន្ទ្រានយកព្រៃលិចទឹកពីក្រុមជនល្មើសបានបញ្ជាក់អោយដឹងថា៖ទី១. នៅចំណុចព្រៃកោះល្ង សមត្ថកិច្ចបានវាស់វែងឃើញព្រៃលិចទឹករងការខូចខាតមានប្រមាណ១ហិកតា , ទី២ នៅចំណុចច្រកស្នោរ មានដីព្រៃលិចទឹកជាង១ ហិកតា ត្រូវបានជនល្មើសកាប់បំផ្លាញទន្ទ្រានយកដីជាកម្មសិទ្ធ , និងចំណុចទី៣ ព្រៃស្រោងខ្ពស់ៗ នៅខាងត្បូងបង្គោលអភិរក្សនៅតំបន់ច្រកស្នោរ ដីព្រៃលិចដែលមានដើមឈើធំៗរាប់រយដើមនៅលើដីទំហំប្រមាណ១ហិកតា ត្រូវជនល្មើសកាប់ផ្តួលរំលំទន្រ្ទានយកដីយក សរុបទាំង៣ចំណុចខាងលើនេះ គឺមានដីព្រៃលិចទឹក ប្រមាណ ជាង៣ហិកតាបានរងការខូចខាតអស់ផងដែរ ។
នាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងទៀតថា៖ ជនល្មើសដែលបានកាប់ទន្រ្ទានដីព្រៃលិចទឹកនៅក្នុងចំណុចទាំង៣ខាងលើនេះ គឺសមត្ថកិច្ចបានស្រាវជ្រាវដឹងអត្តសញ្ញាណខ្លះៗហើយ ករណីទាំង៣ខាងលើនេះជំនាញ នឹងកសាងសុំណុំរឿងបញ្ជូនបន្តឈ្មោះជនល្មើស ទៅកាន់តុលាការខេត្តដើម្បីចំណាត់ការតាមផ្លូវតាមនិតិវិធីផងដែរ។
លោកនាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានធ្វើការសូមសំណូមពរដល់សា្ថប័នតុលាការ ជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនល្មើសដែលពាក់ព័ន្ធក្នុងករណីខាងលើនេះអោយបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ដើម្បីជាការព្រមានដល់ជនល្មើសដ៍ទៃទៀ តកុំអោយយកគំរូតាម និងដើម្បីធ្វើការទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធបានដោយប្រសិទ្ធភាពផងដែរ ។
ជាមួយគ្នានេះផងដែរ លោក ក៍សុំសំណូមដ៍ទទូចដល់ សហគមន៍នេសាទ និងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដែលភាគច្រើនជាអ្នកប្រកបមុខរបរនេសាទ សូមជួយសហការណ៍រាយការអំពីសកម្មភាពជនល្មើសអោយបានទាន់ពេលវេលា ។
គួរំលឹកផងដែរថាកាលពីឆ្នាំ 2018 កន្លងទៅមានជនល្មើសបានលួចកាប់ព្រៃលិចទឹក ដើម្បីរំលោភយកដីនៅក្នុងឃុំកំពង់ព្រះគគីរស្រុកបរិបូណ៌ដូចគ្នានេះដែរ ពេលនោះមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនឈ្មោះជនសង្ស័យទៅតុលាការ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់ឃើញមានចំណាត់ការនៅឡើយនោះទេ។
លើសពីហ្នឹងទៀតនៅចំណុចដែលគេកាប់ព្រៃលិចទឹកនោះមួយចំនួនត្រូវបាន ក្លាយជាដីចម្ការ ដាំសណ្ដែកអស់ទៅហើយសង្ឃឹមថាករណីថ្មីនេះនឹងត្រូវបានផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ ៕