លោកព្រឹទ្ធាចារ្យវីរៈបុរសបាល់ទាត់ ប៉ែន ផាត ជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងទសវត្សរ៍ទី ៦០ និង ៧០។ លោកព្រឹទ្ធាចារ្យ ជាវីរៈបុរសបាល់ទាត់កម្ពុជាតែម្នាក់គត់ ដែលធ្លាប់ប្រកួតជាមួយ ស្តេចបាល់ទាត់ ពិភពលោកប៉េឡេ(Pele) របស់ប្រេស៊ីល ដែលកំឡុងពេលនោះលោក Pele លេងឲ្យក្លឹប Santos ចំណែកព្រឹទ្ធាចារ្យបាល់ទាត់កម្ពុជា លេងអោយក្លិប Rapracha FC ប្រទេសថៃ។
ក្នុងសម័យកាលដ៏រុងរឿងនោះ លោកព្រឹទ្ធចារ្យដែលមានតិចនិចលេងបាល់ល្អ និងពូកែបត់បែននៅលើសមរភូមិវាលស្មៅបានយ៉ាងស្ទាត់ជំនាញ ត្រូវបានគេប្រសិទ្ធនាមឲ្យថា «ពស់កេងកង»។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាសមាជិកម្នាក់ ដែលបានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ៤នៃពានរង្វាន់ទ្វីបអាស៊ី Asian Cup កាលពីឆ្នាំ១៩៧២។ សព្វថ្ងៃលោក គឺគ្រូបង្វឹកក្រុមយុវជនរបស់ក្លឹបមួយនៅប្រទេសថៃ មានឈ្មោះថាសាលាបាល់ទាត់ Thai Kid Soccer ដោយមានកីឡាករអាយុ ចន្លោះពី ១១ឆ្នាំដល់១៨ឆ្នាំ ។
ក្រៅពីបង្ហាត់ក្រុមកីឡាករក្រៅស្រុកហើយ លោកព្រឹទ្ធាចារ្យ វ័យ ៧១ ឆ្នាំ ក៏តែងតែឆ្លៀតពេល ចែករំលែកបទពិសោធន៍ ផ្ដល់ជាអនុសាសន៍ និងគន្លឹះល្អៗជាច្រើនទៀតដល់ក្រុមកីឡាករជម្រើសជាតិកម្ពុជា ទាំងឈុតតូច និងឈុតធំផងដែរ។ សូមបញ្ជាក់ថា លោកព្រឹទ្ធចារ្យតែងតែផ្ដល់បទសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានពីបំណងប្រាថ្នាដ៏ធំបំផុតក្នុងជីវិតរបស់លោក គឺលោកចង់ឃើញបាល់ទាត់កម្ពុជាបច្ចុប្បន្នរីកចម្រើនអោយខ្លាំងបន្ថែមទៀត៕