ភ្ញៀវទស្សនាជាតិ និងអន្តរជាតិ បានរីករាយក្រៃលែងក្នុងការចូលទស្សនា និងចាប់អារម្មណ៍ទៅលើស្នាដៃសិល្ប:ទាំងនោះ ដែលបានបង្ហាញខ្លួននៅតាមទីកន្លែងផ្សេងៗគ្នាក្នុងឧទ្យាន ជាមួយនឹងរុក្ខជាតិចម្រុះពណ៌ និងដើមឈើធំៗចោលម្លប់ត្រឈឹងត្រឈៃ ហាក់ដូចជាកំពុងបង្កើតបានកិច្ចសន្ទនាបែបមនោសញ្ចេតនាមួយយ៉ាងស្ងប់ស្ងាត់ជាមួយធម្មជាតិ។
ជាមួយគ្នានេះ លោក កោ បូរិន្ទ អ្នករៀបចំសកម្មភាពវប្បធម៌នៃវិទ្យាស្ថានភាសាបាំរាំងនៅកម្ពុជា និងទទួលបន្ទុកក្នុងការសហការរៀបចំព្រឹត្តិការណ៍នេះ បានមានប្រសាសន៍អំពីមូលហេតុនៃការផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះថា «ដំណើរត្រាច់ចរសិល្បៈ បានត្រឡប់មកជាលើកទី២ ក្នុងរយៈពេល ២ ឆ្នាំម្តង ដែលជាឱកាសមួយយ៉ាងកម្រក្នុងការបើកទ្វារស្វាគមន៍បងប្អូនសាធារណជនទាំងអស់ ចូលមកទស្សនានៅក្នុងឧទ្យានដ៏ស្រស់បំព្រងនៅក្នុងស្ថានទូតបារំាងនេះ ជាមួយនឹងស្នាដៃរបស់សិល្បករល្បីៗទូទាំងកម្ពុជា និងក្រៅប្រទេស។
ស្ថានទូតបារាំង ដោយរួមសហការជាមួយវិទ្យាស្ថានបារាំងនៅកម្ពុជា បានផ្តួចផ្តើមគម្រោងនេះឡើងដើម្បីលើកស្ទួយតម្លៃនៃការបង្កើតស្នាដៃសិល្បៈ និងកិច្ចសហប្រតិបត្តិការវប្បធម៌បារាំង-កម្ពុជា។ សាធារណជនអាចចូលទៅធ្វើដំណើរត្រាច់ចរកម្សាន្តនៅក្នុងឧទ្យានស្ថានទូត ចាប់ពីពេលនេះតទៅ រហូតដល់ចុងខែមីនា ឆ្នាំ២០២០ ដើម្បីទស្សនាស្នាដៃសហសម័យរបស់សិល្បករទាំង ៩ រូប ដែលបង្ហាញពីភាពច្នៃប្រឌិត និងបង្កប់នូវអត្ថន័យពិសេសៗដែលលោកអ្នកគួរតែបានយល់ដឹង និងបានឃើញដោយផ្ទាល់ទៀតផងដែរ។
អត្ថបទដោយៈ សំណាង