ខេត្តកំពង់ឆ្នាំង:
គិតមកដល់ពេលនេះការកសាងសាលាបឋមសិក្សាសេះស្លាប់ ក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះបាទនរោត្តម សីហមុនី បានកសាងរួចរាល់ប្រមាណ ៩០ ភាគរយហើយ នេះបើតាមការបញ្ជាក់ពីលោក សាំង គីមស៊ន មេឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ដែលបានប្រាប់ភ្នាក់ងារយើងនៅព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍នេះ ។
លោកមេឃុំឆ្នុកទ្រូ បានបញ្ជាក់ថា៖ តាមរយៈសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រះបរមរាជវាំង និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំង បាននាំយកនូវព្រះរាជអំណោយដ៏ថ្លៃថ្លា របស់ព្រះករុណា គឺការកសាងអគារសិក្សានៅភូមិសេះស្លាប់ ចំនួន ២ ខ្នង ស្មើនឹង១២ បន្ទប់ ដែលធ្វើពីបេតុង សង់ឡើងផុតទឹក ព្រមទាំងធ្វើរបងថ្ម ដែលសាងសង់ ឡើងលើដីប្រមាណជាង១ ហិចតា ដែលអាចឱ្យសិស្សមានលទ្ធភាពហាត់ប្រាណឬក៏ធ្វើកីឡាបានផងដែរ បច្ចុប្បន្នសាលាមួយនេះមានត្រឹមតែមតេយ្យ និងបឋមសិក្សាតែប៉ុណ្ណោះ ។
សិស្សដែលរៀនចូលដល់អនុវិទ្យាល័យ សិស្សខ្លះបោះបង់ចោលការរៀនសូត្រ ព្រោះសាលាឆ្ងាយពេក ប៉ុន្តែបន្ទាប់ពីការកសាងរួចរាល់ហើយ លោកនឹងលើកសំណើរ សុំឲ្យបង្កើតអនុវិទ្យាល័យនៅទីនេះតែម្ដង ព្រោះនៅទីនេះ ក៏មានប្រជាពលរដ្ឋច្រើនគ្រួសារដែរ គឺមានចំនួន តែ២៣៦គ្រួសារ ។ នៅពេលសាលារួចរាល់ហើយនិងស្រូបសិស្សមកពី ឃុំខុនរ៉ងក៍អាចមករៀននៅទីនេះ ព្រោះជិត ជាងសាលាដែលសិស្សកំពុងទៅរៀនរាល់ថ្ងៃ។
លោក សាំង គីមស៊ន បានរំលឹកថា៖ កាលដើមសាលាបឋមសិក្សាសេះស្លាប់ ក្នុងភូមិសេះស្លាប់គឺជាសាលារៀន ដែលសង់បណ្ដែតទឹកនៅក្នុងទន្លេ ក្រោយពីមានការអភិវឌ្ឍនិងបន្លាស់ទីប្រជាពលរដ្ឋឲ្យលើគោក សាលានេះក៏ត្រូវបាន អូសមកឡើងលើគោកដែរ ដែលបច្ចុប្បន្ន សិស្សកំពុងរៀនរាល់ថ្ងៃ ប៉ុន្តែសាលាបានរងការខូចខាតអស់ជាច្រើន គឺមានការពុកផុយបាក់បែកអស់ទៅហើយ ។
ហេតុនេះហើយព្រះករុណាព្រះបាទសម្ដេចនរោត្តម សីហមុនី សព្វព្រះទ័យជួយកសាងសាលាបឋមសិក្សាដែលមានចំនួនពីរខ្នងនេះឡើងវិញ តាមរយៈសម្ដេចចៅហ្វាវាំង គង់សំអុល ។ ក្នុងនាមលោកជាអាជ្ញាធរឃុំឆ្នុកទ្រូ និងប្រជាពលរដ្ឋ ជាកូនចៅរបស់ព្រះអង្គ សូមថ្លែងអំណរព្រះគុណដល់ព្រះករុណាព្រះបាទនរោត្តមសីហមុនី និងអរគុណដល់សម្ដេចជ្វាវាំង ដែលបានជួយអភិវឌ្ឍន៍កសាងសាលារៀនចំនួន២ខ្នងនេះ សម្រាប់កូនចៅព្រះអង្គបានរៀនសូត្រ ប្រកបដោយ ផាសុខភាព តរៀងទៅ ។
សូមរំលឹកថា៖ បច្ចុប្បន្ននៅភូមិសេះស្លាប់ក្នុងឃុំឆ្នុកទ្រូមានការអភិវឌ្ឍច្រើនណាស់ តាមរយៈសម្ដេចវាំងគង់សំអុល ដូចជាកសាងផ្លូវ ដែលមិនធ្លាប់មានពីមុនមក កសាងសាលារៀន ព្រមទាំងកសាងអណ្តូងទឹកនិងបង្គន់អនាម័យជាដើម ៕