ឯកឧត្ដម ជា ប៊ុនហេង បានឧបត្ថម្ភថវិកាដល់ ជាម្រើសជាតិថ្នាលប៉េតង់ កុយ សុភ័ក្រ្តា ដែលជួបគ្រោះថ្នាក់ចរាចរណ៍
នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម ឧត្ដមសេនីយ៍ឯកបណ្ឌិត ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន ១លានរៀល តាមរយៈលោក អ៊ុក យ៉ារី គ្រូបង្វឹកថ្នាលប៉េតង់ ដល់កីឡាករប៉េតង់ជម្រើសជាតិថ្នាល កុយ សុភ័ក្រ្តា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់ធ្ងរបែកក្បាល កាលពីពេលថ្មីៗនេះ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។
គួររំលឹកថា យុវជន កុយ សុភ័ត្ត្រា ជាកីឡាករជម្រើសជាតិថ្នាលប្រភេទកីឡាប៉េតង់ កម្ពុជាម្ចាស់មេដាយមាស១ គ្រឿង លើវិញ្ញាសារយុវជនជាក្រុម ៣ទល់៣ ពីការប្រកួតជើងឯកប៉េតង់អាស៊ី លើកទី៣ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីចុងឆ្នាំ២០១៩ កន្លងមកនេះផងដែរ។
ក្រុមការងារព័ត៌មានកីឡាប៉ុស្តិ៍លេខ៥ សូមជូនពរអោយប្អូនប្រុស ឆាប់ជាសះស្បើយពីជំងឺវិញឆាប់ៗនេះ ។