ខេត្តមណ្ឌលគិរី ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ បានចេញដីកាសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្នទៅលើបុរសម្នាក់ពីបទកាប់គាស់ រុករានដីព្រៃ ឆ្ការដុតឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ តាមបញ្ញត្តិមាត្រា៦២ និងមាត្រា៥៦ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។

ជនត្រូវចោទឈ្មោះឆេល លាង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិឈួល ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចាប់ឃាត់ខ្លួនបានភ្លាមៗ ខណៈជននេះកំពុងធ្វើសកម្មភាពប្រើប្រាស់រណារយន្តអារច្រៀកដើមឈើ ក្នុងគោលបំណងយកដីព្រៃធ្វើជាកម្មសិទ្ធិ។

ក្រោយការចាប់ឃាត់ខ្លួន មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក បានដកហូតរណារយន្តចំនួន១គ្រឿងយកទៅរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការបរិស្ថាន ចំណែកផ្ទៃដីដែលរងការកាប់រុករាន មន្រ្តីជំនាញបានកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិចាត់ការតាមនីតិវិធី ៕