កុមារីវ័យត្រឹម១១ ឆ្នាំយកឈ្នះស្ត្រីចាស់ជាងខ្លួនជាង ៣០ឆ្នាំ ទទួលបានសិទ្ធិប្រកួតកីឡាអូឡាំពិក

កីឡាការិនីកីឡាវាយកូនឃ្លីលើតុវ័យត្រឹមតែ១១ឆ្នាំ បានទទួលសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិករដូវក្ដៅឆ្នាំ២០២០ នៅទីក្រុងតូក្យូប្រទេសជប៉ុន ជាងនោះទៀតក្មេងស្រីរូបនេះអាចជាកីឡាការិនីវ័យក្មេងបំផុតប្រចាំព្រឹត្តិការណ៍ប្រកួតនេះ។

Hend Zaza បានយកជ័យជំនះលើអ្នកស្រី Mariana Sahakian ជនជាតិលីបាណន់វ័យ៤២ឆ្នាំ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រការប្រកួត West Asia Olympic qualification tournament ក្នុងប្រទេសហ្សកដង់កាលពីសប្ដាហ៍មុននេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន CNN។

យោងតាមការផ្សាយរបស់សារព័ត៌មាន New York Post កុមារី Zaza ដែលបច្ចុប្បន្នស្ថិតនៅក្នុងលំដាប់ទី១៥៥ក្នុងពិភពលោកនឹងប្រកួតតំណាងឲ្យប្រទេសស៊ីរីនៅក្នុងព្រឹត្តិការណ៍អូឡាំពិក ហើយកុមារីរូបនេះក៏ជាជនជាតិស៊ីរីដំបូងគេដែលប្រកួតនៅក្នុងប្រទេកីឡាវាយកូនឃ្លីលើតុនៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡពិកផងដែរ។

យោងតាមសារព័ត៌មានដ៏ល្បី The Guardian បានសរសេរថា កុមារីស៊ីរីរូបនេះនឹងក្លាយជាកីឡាការិនីវ័យក្មេងបំផុតទីប្រាំដែលទទួលបានសិទ្ធិប្រកួត (qualify ) នៅក្នុងកីឡាអូឡាំពិក។
បើតាមការឲ្យដឹងពីគណៈកម្មាការអូឡាំពិកអន្តរជាតិបានឲ្យដឹងថា អត្តពលិកវ័យក្មេងបំផុតដែលធ្លាប់ចូលរួមប្រកួតកីឡាអូឡាំពិកគឺកីឡាករកាយសម្ព័ន្ធជនជាតិក្រិច Dimitrios Loundras ដែលកាលណោះក្នុងឆ្នាំ ១៨៩៦ កុមារារូបនេះមានវ័យត្រឹមតែ១០ឆ្នាំប៉ុណ្ណោះ។ ទីបំផុត Loundras បានបញ្ចប់ដោយឈ្នះមេដាយសំរឹទ្ធមួយគ្រឿងជូនប្រទេសក្រិចក្នុងវិញ្ញាសា របាគូ។

សូមបញ្ជាក់ថាការប្រកួតកីឡាអូឡាំពិករដូវក្ដៅនឹងចាប់ផ្ដើមប្រារព្ធឡើងនៅថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ ២០២០ ហើយនឹងបិទបញ្ចប់នៅថ្ងៃទី០៩ ខែសីហាឆ្នាំ ២០២០។ ចំពោះកីឡាវាយកូនឃ្លីលើតុវិញ្ញាសានារីឯកត្តជននឹងធ្វើការប្រកួតនៅថ្ងៃទី ២៥ កក្កដា ហើយប្រកួតផ្ដាច់ព្រ័ត្ររកអ្នកឈ្នះមេដាយមាសនៅថ្ងៃ ៣០ ខែ កក្កដា ឆ្នាំ២០២០៕