ស្វាយរៀង៖ ព្រឹកថ្ងៃពុធ​ ៣រោច​ ខែផល្គុន​​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី១១ ខែមីនា​ ឆ្នាំ២០២០​ នៅសាលប្រជុំធំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមីនា ទិសដៅ​ការងារខែមេសា ឆ្នាំ​២០២០​ និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ”មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ”។

ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក​ លោកស្រីមេបញ្ជាការរង​ លោក​នាយរងសេនាធិការដ្ឋាន លោក លោកស្រីនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨ និងនាយអាវុធហត្ថជាច្រេីនរូបទៀតផងដែរ។

ក្នុងឱកាសនេះដែរ​ លោកឧត្តមសេនីយ៍ត្រី សែ​ វុទ្ធី​ បានមានប្រសាសន៍ថា ស្ត្រីជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ ដែលមិនអាចខ្វះបាន ការប្រារព្ធធ្វើឡើង ក្នុងទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២០ នេះពិតជាចំគោលដៅ ដើម្បីលើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិសេរីភាព ឋានៈតួនាទីរបស់ស្រ្តី នៅក្នុងសង្គម ក្នុងនាមយើងជាកម្លាំងកងរាជអាវុធហត្ថនឹងបន្តគាំទ្រ ជំរុញដល់ស្ដ្រីក្នុងការចូលរួមជាស្នូលដ៏សំខាន់ក្នុងការបំពេញកិច្ចការងារជួយជាតិ មាតុភូមិ។  លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានផ្តល់ជូនដល់អាវុធហត្ថនារីចំនួន ១២នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់សំពត់ហូលមួយ ក្រណាត់អាវប៉ាក់មួយ និងថវិកាចំនួន​៥០,០០០រៀល។

​លោកឧត្តមសេនីយ៍ត្រី​ មេបញ្ជាការ មានប្រសាសន៍ណែនាំក្នុងអង្គប្រជុំ​៖​ លោកឧត្តមសេនីយ៍​ បានលេីកសសេីរដល់នាយទាហាន​ នាយទាហានរងទាំងអស់ដែលខិតខំធ្វេីការងារកន្លងមក​ ដោយបានទទួលស្គាល់​ និងកោតសសេីរពីសំណាក់ថ្នាក់ដឹកនាំ​ ក្រសួងការពារជាតិ​ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ និងលោកអភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​។ 
-​ ពង្រឹងបណ្ដាញក្ដាប់យកព័ត៌មាន​ ដែលបង្កឱ្យវឹកវរដល់សង្គមនៅជុំវិញខេត្ត។
-​ បន្ដការស្រាវជ្រាវមុខសញ្ញាបទល្មេីស។
-​ ការថែរក្សាសម្ភារៈបរិក្ខាដែលមានស្រាប់​ និងធ្វេីការវាយតម្លៃទៅលេីអគារ​ សម្ភារៈប្រេីប្រាស់​ មធ្យោបាយធ្វេីដំណេីរ។ ​

​ជាចុងក្រោយលោក​ ឧត្តមសេនីយ៍​ មេបញ្ជាការ​ ផ្ដាំផ្ញើ​  និងជូនពរដល់នាយទាហាន​ នាយទាហានរងទាំងអស់មានសុខភាពល្អ​ មានសុភមង្គលក្នុងគ្រួសារ​ គ្រួសារ​រកស៊ីទទួលទានមានបាន​គ្រប់ៗគ្នា​ ជាពិសេសជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លេីដាក់ឱ្យធ្វេី៕