ភាគីខាងថៃស្នើសុំឲ្យបិទកែងទើបគេហ៊ានប្រកួតជាមួយ ចាន់ សំអាត

ខ្លាចាស់ដងរែកបានឡើងអង្រួនសង្វៀនប៉ុស្តិ៍លេខ៥សារជាថ្មីម្តងទៀតក្រោយប្រកួតលើកចុងក្រោយក្នុងកម្មវិធីខ្មែរហ្វៃនៅខែវិច្ឆកាឆ្នាំ២០១៩កន្លងទៅ។ យ៉ាងណាមិញ ក្នុងការប្រកួតនេះ គូប្រកួតរបស់ ចាន់ សំអាត មិនធម្មតាឡើយ។ ត្បិតតែវាយរាងជ្រែបន្តិចមែន ប៉ុន្តែកីឡាករថៃរូបនោះពិតជាមាំ ស្បែកតាន់ ហើយពូកែឌឺដងថែមទៀតផង។ អាចថានេះជាយុទ្ធសាស្ត្រដុតបញ្ឆេះ ចាន់ សំអាត ឲ្យសម្រុកចូលវាយឲ្យបានច្រើន ប៉ុន្តែការពិតនៅពីក្រោយមិនមែនកីឡាករថៃរូបនោះហ៊ានដាក់ ចាន់ សំអាត ដល់ម្លឹងទេ។ នៅមុនប្រកួត គេបានស្គាល់ក្បាច់ ចាន់ សំអាត ច្បាស់ណាស់ និងដឹងថាអាវុធរបស់ខ្លាចាស់យើងគឺកែង។

ប៉ុន្តែគេបានស្នើសុំអ្នករៀបចំកុំឲ្យ ចាន់ សំអាត ប្រើកែង ពោលគឺត្រូវបិទកែងតែម្តងក្នុងពេលប្រកួតទើបគេហ៊ានឡើងសង្វៀនជាមួយ។ ដោយសារការគោរពរៀមច្បង និងចង់ល្បងក្បាច់គុនជាមួយផងនោះ សំអាត ក៏យល់ព្រមបិទកែងមិនប្រើវាពេញ៥ទឹកតែម្តង។ ទោះបីលទ្ធផលឈ្នះក្តី ប៉ុន្តែ សំអាត ក៏ឈឺសាច់ដោយសារដៃគូគេមិនតិចដែរ។ ក្រោយចុះពីសង្វៀនវិញ ចាន់ សំអាត ប្រាប់ថា ខ្លួនព្រមទទួលសំណើរបស់ដៃគូព្រោះចង់សាកក្បាច់គុនជាមួយ ណាមួយចង់ដឹងសមត្ថភាពខ្លួនខ្លាំងកម្រិតណាពេលប្រកួតបិតកែងបែបនេះ។ ជើងខ្លាំងមកស្រុកអន្លង់វែងរូបនេះជឿថា ប្រសិនបើខ្លួនមានឱកាសបានប្រើកែងនោះ ប្រហែលជាអាចមានសង្ឃឹមផ្តួលដៃគូបានមុន៥ទឹក។

យ៉ាងណាក៏សប្បាយចិត្តដែលបានវាយអស់សមត្ថភាពដូចគ្នា និងបានផ្តល់ចំណីចក្ខុជូនបងប្អូនទស្សនាយ៉ាងជក់ចិត្ត។ សូមបញ្ជាក់ថា កីឡាករ ចាន់ សំអាត មកក្លិបអប់រំកាយ និងកីឡាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឡើងប្រកួតលើប្រភេទទម្ងន់ ៦០គីឡូក្រាមជាមួយជើងចាស់ថៃកីឡាករ ផ្លែ វីត។ ឆ្លងកាត់ការប្រកួតពេញ៥ទឹកលទ្ធផលគូនេះចៅក្រមសម្រេចដាក់ពិន្ទុឲ្យកីឡាករ ចាន់ សំអាត ជាអ្នកឈ្នះ។