ខេត្តស្វាយរៀង៖មានអគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់មួយខ្នងនៅវេលាម៉ោង ១០:១៥ នាទី យប់ ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២០ បណ្តាលមកពីមានការធ្វេសប្រហេសពេលដុតទាន ធូបរៀបចំទទួលទេវតា បណ្តាលឲ្ឆេះយ ផ្ទះទំហំ ៥X៦ ម សង់ ពីឈើ ជញ្ជាំងស្លឹក ដំបូលប្រក់ស័ង្កសី ខូចខាតទាំងស្រុងរួមនឹងសម្ភារប្រើប្រាស់ ។
នៅថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌ ចុះទៅសួរសុខទុក្ខ និងផ្តល់ជូន គ្រួសារដែលរងគ្រោះឈ្មោះ សេវ វង់ អាយុ ៥៤ ឆ្នាំ រស់នៅភូមិត្រពាំងធ្លកខាងត្បូង ឃុំចន្ត្រី ស្រុករមាសហែក ។
ក្នុងឱកាសនោះ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះ ។
ហើយសម្តេចតែងតែគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋងាយរងគ្រោះ មានដូចជាគ្រួសារមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្រ្តីមេម៉ាយ និងបានផ្ដាំផ្ញើដល់ពួកគាត់ឲ្យខិតខំថែរក្សាសុខភាព មានអនាម័យក្នុងការរស់នៅ ហើយត្រូវប្រកាន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត សម្អាតបរិស្ថានជុំវិញផ្ទះជាប្រចាំ លាងសម្អាតដៃញឹកញាប់ ពាក់ម៉ាស់នៅពេលទៅណាមកណា ដើម្បីការពារជម្ងឺឆ្លងនានាដែលបណ្តាលមកពីការកង្វះអនាម័យពិសេសជំងឺកូវីដ ១៩ ដែលកំពុងកើតឡើងជុំវិញពិភពលោក ក៍ដូចជានៅក្នុងប្រទេសកម្ពុជាយើងផងដែរ ។
ហើយប្រឹងប្រែងប្រកបរបរបន្ថែមទៀត ដើម្បីលើកស្ទួយកម្រិតជីវភាពគ្រួសារ ត្បិតអំណោយដែលបានផ្តល់ជូននាពេលនេះគឺបានជួយសម្រាលការលំបាកមួយគ្រាតែប៉ុណ្ណោះ ។ លោកជំទាវបានសំណូមពរសូមឲ្យបងប្អូនដែលរស់នៅក្នុងសហគមន៍ទាំងអស់ ត្រូវមានការសាមគ្គីគ្នា ចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក និង ជៀសវាងឲ្យឆ្ងាយពីអំពើអសកម្មនានាដែលសង្គមជាតិស្អប់ខ្ពើម ដើម្បីឲ្យសហគមន៍យើងរស់នៅប្រកបដោយភាពសុខដុមរមនា ។
អំណោយដែលបានផ្តល់ជូនមាន៖ អង្ករ ៥០ គ.ក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្លរ ២ កន្ទេលបត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ៤០០,០០០ រៀល ។ និងបាននាំយកថវិការបស់សប្បុរសជនតាមរយៈលោកជំទាវរួមមាន៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៥០០,០០០ រៀល លោកជំទាវ ហៅ ចន័្ទសិរីទេពី ចៅ ភិរុណ ២០០,០០០ រៀល លោកជំទាវ យូ លឹម ២០០,០០០ រៀល និងថវិការផ្ទាល់ខ្លួនរបស់លោកជំទាវ ១០០,០០០ រៀល សរុប ១,៤០០,០០០ រៀល ។