ខេត្តស្វាយរៀង៖នៅថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងនិងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19ខេត្ត និងជាប្រធានក្រុមការងារទទួលខុសត្រូវសម្របសម្រួល ក្នុងការដឹកនាំក្រុមការងារទទួលប្រជាពលរដ្ឋ មានទីលំនៅខេត្តស្វាយរៀង ដែលវិលត្រលប់មកពីប្រទេសថៃ តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានចុះពិនិត្យទីតាំងចត្តាឡីស័កគោលដៅទី២ តាមផ្លូវជាតិលេខ១៣ ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ជាប់ព្រំប្រទល់ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង និងបាននាំយកប្រសាសន៍របស់ឯកឧត្ដមអភិបាលខេត្តមកសំណេះសំណាលសុខទុក្ខបងប្អូនពលករដែលទើបវិលត្រឡប់មកពីធ្វើការនៅប្រទេសថៃ នៅសាលាបឋមសិក្សាអណ្ដូងត្របែក និងសាលាបឋមសិក្សាកំរ៉ែង ស្ថិតនៅក្នុងឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។
ទន្ទឹមនេះ ឯកឧត្ដម តូច ប៉ូលីវ៉ា បានផ្ដោតសំខាន់ទៅលើការងារចត្តាឡីស័កនៅដាច់ដោយឡែក១៤ថ្ងៃ តាមការស្ម័គ្រដើម្បីតាមសុខភាពរបស់បងប្អូនពលករ ការសម្អាតអនាម័យខ្លួនប្រាណ លាងដៃជាមួយសាប៊ូជាប្រចាំ ការហាត់ប្រាណបំបាត់ភាពអប់សុខ ។ បន្ទាប់មកឯកឧត្ដមក៏បានលើកឡើងថា “បងប្អូនទៅធ្វើការចោលប្រពន្ធកូន ក្រុមគ្រួសារ រាប់ខែរាប់ឆ្នាំបាន រឿងអីថាបងប្អូននៅដាច់ដោយឡែកតែ ១៤ថ្ងៃមិនបាន”។