ភ្នំពេញ: បុរសម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងបុកជាមួយម៉ូតូ pcx ជិះដោយបុរសម្នាក់បញ្ច្រាស់ទិសគ្នាពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង ២០ នាទីយប់ថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២០នៅចំណុចមុខមន្ទីពេទ្យមេក្រូ តាមបណ្តោយផ្លូវ៦០៨ ក្នុងសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ pcx ពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HN-0081ធ្វើដំណើរទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកនិងរថយន្តកាមរីបាឡែនមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AV-0296បើកបរដោយបុរសម្នាក់បញ្រ្ចាសទិសដៅគ្នាពីលិចទៅកើតចំចំហៀងផ្នែកខាងមុខខាងឆ្វេងនិងបែកកញ្ចក់ទ្វារខាងមុខបណ្ដាលឱ្យដួលបោកទៅនិងថ្នល់រងរបួសធ្ងន់។ក្រោយហេតុការណ៍គេឃើញសាច់ញាតិខាងភាគីម៉ូតូបានបើករថយន្តមួយគ្រឿងមកយកជនរងគ្រោះដាក់លើរថយន្តរួចបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យដោយខ្លួនឯង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំធ្វើការដោះស្រាយគ្នានៅពីក្រោយ៕