ភ្នំពេញ៖ បុរសជនជាតិនីហ្សេរីម្នាក់ដែលត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១១នឹង៤០ នាទី ព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០ នៅចំណុចផ្ទះលេខ៤៧ ផ្លូវ6A ក្នុងបូរីពិភពថ្មីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញនោះត្រូវបានស្គាល់អត្តសញ្ញាណហើយ ។

បើតាមនគរបាលខណ្ឌដង្កោបានប្រាប់ថា បុរសនេះឈ្មោះ OKONKWO REMIGUS DURU អាយុ៤៥ឆ្នាំ ជនជាតិ       នីហ្សេរីយ៉ា មុខរបរប្រធានសហគ្រាស Dan Duru Global Interprise ស្នាក់នៅផ្ទះខាងលើ។ចំណែកជនរងគ្រោះដែលដាក់ពាក្យប្ដឹងចោទប្រកាន់ថាជននោះវាយប្លន់យកលុយជាង៣ពាន់ដុល្លារនោះប្រពន្ធឈ្មោះ ប្រាក់ ណាលីន អាយុ២៧ឆ្នាំ មុខបរលក់ដូរ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៤០ ផ្លូវលេខ៦ បុរីពិភពថ្មី ស្ថិតនៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញមានប្ដីឈ្មោះ ម៉ាវីង អាយុ៤៤ឆ្នាំ ជាជនជាតិនីហ្សេរីយ៉ាផងដែរ។

នគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុខណៈដែលជនរងគ្រោះកំពុងតែអង្គុយហូបបាយជាមួយប្តី នៅខាងមុខផ្ទះលេខ៤០ ផ្លូវលេខ៦ បុរីពិភពថ្មី ស្ថិតនៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះជនសង្ស័យឈ្មោះ OKONKWO REMIGUS DURU បានជិះម៉ូតូ០១គ្រឿង ម៉ាកធូដេពណ៌ក្រហម មិនចាំស្លាក លេខ ម្នាក់ឯងទៅដល់ហើយបានចុះពីលើម៉ូតូទៅធ្វើសកម្មភាពរុញច្រានស្រ្តីរងគ្រោះដែលកំពុងតែមានផ្ទៃពោះចំនួន០៥ខែ បណ្តាលឱ្យដួលទៅលើធុងទឹកកក ។បន្ទាប់មកបានធ្វើសកម្មភាពទាញកៅអ៊ីជ័រពណ៌ខៀវបោកទៅលើសម្ភារៈលក់ដូរ និងច្រានទូរទឹកកកឱ្យដួលរប៉ាត់រប៉ាយពេញផ្ទះ ហើយបើកទូយកលុយចំនួន៣,៥០០ដុល្លារ (បីពាន់ប្រាំរយដុល្លារអាមេរិក) ហើយថែមទាំងបានប្រតាយប្រតប់ជាមួយឈ្មោះ ម៉ាវីង (ប្តីជនរងគ្រោះ)ព្រមទាំងទាញយកកាំបិតប៉័ងតោពីក្នុងហោប៉ៅខោកាប់លើប្តីរបស់ជនរងគ្រោះត្រូវចំកែងដៃខាងឆ្វេង បណ្ដាលឲ្យរងរបួសស្រាល ទើបជិះម៉ូតូយកលុយគេចចេញបាត់។

ប្រភពខាងលើបានបន្តទៀតថា លុះដល់ព្រឹកថ្ងៃទី២៨ ខែមេសា ទើបជនរងគ្រោះក៏បានមករាយការណ៍ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឱ្យជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ខណៈនោះកម្លាំងបានចុះទៅធ្វើការស្រាវជ្រាវនិងឡោមព័ទ្ធផ្ទះលេខ៤៧ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ដែលជនខាងលើស្នាក់នៅតាមការចង្អុលបង្ហាញរបស់ជនរងគ្រោះទាំង២បាក់ប្ដីប្រពន្ធ។
ហើយដោយមានការសម្របសម្រួល និងដឹកនាំផ្ទាល់ពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកម្លាំងបានធ្វើការឆែកឆេរផ្ទះរបស់ជនសង្ស័យ ហើយឃាត់ខ្លួនជនសង្ស័យបាននៅវេលាថ្ងៃត្រង់ថ្ងៃដដែលបន្ទាប់មកបានាំទៅសាកសួរនិងចាត់ការតាមច្បាប់តែម្ដង៕