ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត រួមទាំងថ្នាក់ដឹកនាំ បានចុះសំណេះសំណាល និងផ្តល់អំណោយលើកទឹកចិត្ត ជាស្បៀងអាហារ និងថវិកា ជូនដល់មន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត ចំនួន៤៤នាក់ ដែលមានជីវភាពខ្វះខាត ព្រមទាំងធ្វើការផ្សព្វផ្សាយនូវអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងការងារសាធារណៈស្តីពីការមិនឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ នាពេល ខាងមុខ ដោយត្រូវបំពេញការងារជាធម្មតា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាយដាលជម្ងឺកូវីដ-១៩ នៅក្នុង ប្រទេសកម្ពុជា ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានមានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជ ការ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ដោយមិនបណ្តោយឱ្យជួបទុក្ខលំបាក ដោយមិនបានដឹង និងមិនបានដោះស្រាយនោះទេ ហើយសម្តេចបានជំរុញឱ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ដោះស្រាយនូវរាល់ការលំបាក និង សំណូមពររបស់បងប្អូនឱ្យបានទាន់ពេលវេលា ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ៖ ជាក់ស្តែងនៅពេលនេះ ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីរាជការក្របខ័ណ្ឌសាលាខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ជាពិសេសមន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា ដែលមានជីវភាពខ្វះខាត រដ្ឋបាលខេត្ត បានឧបត្ថម្ភជា ស្បៀង អាហារ និងថវិកាមួយចំនួន ក្នុងការសម្រាលជីវភាពប្រចាំថ្ងៃ របស់បងប្អូនបាន១កម្រិត ហើយបើទោះបីអំណោយទាំងនេះ មិនទាន់ឆ្លើយតប ទៅនឹងតម្រូវការក៍ពិតមែន ។ ប៉ុន្តែនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះ មន្ត្រីរាជការក្រោមឱវាទ ដែលបានខិតខំបំពេញការងារ ដោយមិនគិតពីការនឿយហត់ ។

ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍បញ្ជាក់ថា ៖ បច្ចុប្បន្នដោយសារការផ្ទុះឡើងនូវជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្សព្វផ្សាយអប់រំ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីត-១៩ ក្នុងប្រទេស ហើយជាក់ស្តែងនៅពេលថ្មីៗ នេះ សម្តេច តេជោ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសន្និសិទ្ធសារព័ត៌មាន និងចេញសេចក្តីប្រកាសភ្លាមៗផងដែរ ស្តីពីការប្រកាសផ្អាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ និងមន្ត្រីរាជការមិនអនុញ្ញាតឱ្យឈប់ សម្រាក ដោយសារបញ្ហាជម្ងឺកូវីដ-១៩ ដែលកំពុងរីករាលដាលគួរអោយព្រួយបារម្មណ៍បំផុត នៅពាសពេញពិភពលោក ។

ដូច្នេះ បងប្អូនមន្ត្រីរាជការទាំងអស់ ត្រូវបម្រើការងារជាធម្មតា ទៅតាមតួនាទី និងភារកិច្ចរៀងៗ ខ្លួន ហើយត្រូវចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ទាំងអស់គ្នា ។គួរបញ្ជាក់ថា ៖ អំណោយឧបត្ថម្ភជូនដល់មន្ត្រីក្របខ័ណ្ឌ និងមន្ត្រីជាប់កិច្ចសន្យាទាំង៤៤នាក់ ដែលមានជីវភាពខ្វះខាត ដោយក្នុងម្នាក់ៗ ទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ១យួរ និងថវិកា១០ម៉ឺនរៀលផងដែរ ៕