ត្បូងឃ្មុំ៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារតូចអាយុក្រោម ២ ឆ្នាំ ត្រូវបានពន្លឿនក្នុងការប្រើប្រាស់ជាយន្តការ អនុវត្តជាលក្ខណៈអន្តរស្ថាប័ន ដែលមានការចូលរួមពីក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់ អាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រនៅតាមមូលដ្ឋាន ដើម្បីសំដៅជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ពិសេសសុខភាពមាតានិងទារក ក្នុងគ្រួសារក្រីក្រ ក្នុងគ្រាដែលជំងឺកូវីដ១៩ កំពុងរាតត្បាតជាសកលនេះ ។

ឯកឧត្តមឯកឧត្តម លើកឡើងបែបនេះ ក្នុងឳកាសដែលឯកឧត្តម អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលស្ទាបស្ទង់ មតិគ្រួសារក្រីក្រ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងទិសដៅបន្ត កាលពីព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២០ នៅសាលប្រជុំសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ឯកឧត្តមបន្តថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសប្បទា និងក្រសួងពាក់ព័ន្ធ បាន និងកំពុងធ្វើការយ៉ាងសកម្ម ដើម្បីសិក្សារកគ្រួសារក្រីក្រ ដែលងាយរងគ្រោះពិតប្រាកដ ដើម្បីផ្តល់នូវជំនួយដល់ពួកគាត់ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ។

សូមបញ្ជាក់ថា កន្លងមកនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្ដួចផ្ដើមបង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាល ជនបង្គោលក្នុងក្របខណ្ឌឃុំទាំង ៨ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីធានាក្នុងការពង្រឹកអនុវត្តការងារចុះស្រុងស្ថិតិគ្រួសារក្រីក្រពិតប្រាកដ នៅតាមមូលដ្ឋានរៀងៗខ្លួនឲ្យបានលឿន នឹងមានប្រសិទ្ធភាព ដោយស្របតាមនិតិវិធី របស់ក្រសួងជំនាញ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល ៕