ទាក់ទងនិងករណីនេះអាជ្ញាធរភូមិឃុំ នៅព្រឹកថ្ងៃទី២៨ ខែមេសានេះ បានអោយដឹងថា ដីជើងភ្នំដំរីរមៀលនេះជាដីមានបណ្ណ័កម្មសិទ្ធរបស់លោក ម៉ុន វុត្ថា មន្រ្តីហិរញ្ញវត្ថុរបស់សាលាខេត្តកំពង់ឆ្នាំង ប៉ុន្តែម្ចាស់ដីដើមជាមន្ត្រីយោធាពាក់ផ្កាយនៅក្រុងភ្នំពេញ។
ប៉ុន្មានខែថ្មីៗនេះគេបានលក់អាចម៌អោយក្រុមហ៊ុនធ្វើផ្លូវ ដែលក្នុងពេលនេះនៅកន្លែងខ្លះគេបានជីក កាយដីជើងភ្នំមួយនេះយ៉ាងជ្រៅដែលមានជម្រៅជាង១០ម៉ែត្រទៅហើយ មិនដឹងថាអ្នកកាន់ច្បាប់អោយគេធ្វើអាជីវកម្មកាយដីនៅចំណុចនេះបានដឹងដែរឬទេ ។
ដោយឡែកលោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងឋាមពល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អាជីវកម្មនេះគេបានសុំច្បាប់ពីក្រសួងរ៉ែ និងឋាមពល មិនដឹងថាក្រសួងអនុញ្ញាតអោយជីជម្រៅណានិងទំហំប៉ុន្មាទេ ។ សំរាប់មន្ទីររ៉ែ និងឋាមពលខេត្តវិញ មានសិទ្ធអនុញ្ញាតអោយធ្វើអាជីវកម្មជីកដីបាន ត្រឹមទំហំ១ហិកតា និងជម្រៅត្រឹម៥ម៉ែត្រតែប៉ុណ្ណោះ ចំណែកទំហំធំជាងនេះគឺជាសិទ្ធរបស់ក្រសួងជាអ្នកសម្រេច ។
ក្នុងរឿងនេះដែរលោក ថោង វីរ៉ាវុឌ្ឍី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងឆ្លើយថា
ដីភ្នំគឺស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិដ្ឋាន ។ ចំណែកលោក បឿ ប៊ុនថន អនុប្រធានមន្ទីរបរិដ្ឋាន ខេត្តកំពង់ឆ្នាំង បានឆ្លើយថា ភ្នំដំរីរមៀលមិនស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិដ្ឋានទេ គឺមានតែភ្នំក្រាំងដីមាស១ប៉ុណ្ណោះ ដែលគ្រប់គ្រងរបស់មន្ទីរបរិដ្ឋាន ។
ទាក់ទងនិងរឿងខាងលើនេះដែរគេក៏ឆ្ងល់ដែរថា តើដីជាប់នឹងជើងភ្នំបែបនេះគេអាចចេញបណ្ណ័កម្មសិទ្ធអោយបុគ្គលបានទេ ។
រឿងចម្ងល់ទាំងអស់ខាងលើនេះ សូមអាជ្ញាធរខេត្តស្រុក មន្ទីរពាក់ពន្ធ័នៅក្នុងខេត្ត និងស្ថាប័នពាក់ពន្ធ័ថ្នាក់ជាតិ មេត្តាជួយចុះមកពិនិត្យចំណុចអាជីវកម្មកាយដីនៅជើងភ្នំដីរីរមៀលខាងលើនេះផងចុះ ។
តើការធ្វើអាជីវកម្មជីកកកាយដីជើងភ្នំដ៏ធំនិងជ្រៅៗបែបនេះស្របច្បាប់ដែរឬទេ នឹងតើគួរមានវិធានការទប់ស្កាត់បែបណា៕
ដោយ យឹមសុក្ខារិន