ខេត្តប៉ៃលិន ៖ មានករណីធ្វើអត្តឃាត (ចងក ) សម្លាប់ខ្លួនមួយ បានកើតឡើងក្រោយពីឪពុកម្តាយហាមឃាត់ មិនអោយនាងទៅអ៊ុតសក់ត្រង់ ព្រោះខ្លាចឆ្លងជំងឺកូវីដ១៩ ស្រាប់តែក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ទាញយកកន្សែងទៅចងក.ព្យួរនឹងធ្នឹមផ្ទះ ក្នុងបន្ទប់ លុះហៅច្រើនដងមិនឆ្លើយ ចាំហូបបាយមិនឃើញចេញមកក្រៅ ក៍ចូលទៅមើល ស្រែកយំគ្រប់គ្នា ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង០០នាទីថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ មេសា ២០២០ នៅចំណុចមុខផ្លូវចូលទៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័តមានពីនគរបាល បានឱ្យដឹងថា យុវតីរងគ្រោះមាន ឈ្មោះ មឿន គឹមសេង ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្ស មានទីលំនៅបច្ចុប្បន្នក្នុងភូមិខាងលើ ។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ ក្មេងស្រីរូបនេះ បានដើរទៅជួបសុំម្តាយអ៑ុតសក់ត្រង់នៅឯផ្សារ ជាមួយមិត្តភក្តិ ។ គ្រាន់តែឮដូច្នេះ គាត់ក៍ស្រែកហាមប្រាមមិនឱ្យចេញដើរទៅក្រៅផ្ទះ ឬទៅផ្សារឡើយ ដោយខ្លាចក្រែងមានការឆ្លងជម្ងឺកូរ៉ូណា ឬកូវីដ១៩ ព្រោះពួកគាត់បានមើលហ្វេសប៑ុក ឃើញស្ងានភាពនៅប្រទេសក្រៅ ឆ្លងរាលដាលខ្លាំង និងឆាប់រហ័ស បណ្តាលឱ្យស្លាប់មនុស្សប្រុសស្រីក្មេងចាស់អស់ជាច្រើននាក់ ។ គ្រាន់តែឪពុកម្តាយហាមប្រាមរួច ក្មេងស្រីរងគ្រោះ មិននិយាយស្តីអ្វីនោះទេ ក៍ដើរចូលទៅសម្ងំក្នុងបន្ទប់ដេកដោយលែងនិយាយស្តីអ្វីរកអ្នកណាទាំងអស់ ។ នគរបាលបញ្ជាក់ថា ស្រាប់តែល្ងាចថ្ងៃដដែល មិនឃើញនាងចេញពីក្នុងបន្ទប់ ក៍បើកទ្វារមើល ប្រទះឃើញ នាងចងក.ព្យួរនឹងធ្នឹមផ្ទះស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញកោសល្យវិច្ច័យនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលអូរតាវ៉ៅ សហការណ៍ជាមួយកម្លាំងជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន ធ្វើកោសល្យវិច្ច័យទៅលើសពឃើញថា ពិតជាចងក.ធ្វើអត្តឃាត
ប្រាកដមែន ។ បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនអាណាព្យាបាលធ្វើបុណ្យតាមប្រពៃណី ៕