ខេត្តស្វាយរៀង៖ ស្របពេលរាជរដ្ឋាភិបាលកំពុងមានវិធានការការពារជំងឺឆ្លងថ្មី កូវីដ ១៩ នៅថ្ងៃសៅរ៍ ៥ កើត ខែចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារសាខា យុវជន និងអ្នកស្ម័គ្រចិត្ត ចុះជួបសំណេះសំណាលជាមួយអាជ្ញាធរភូមិ ឃុំ ដើម្បីធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ ១៩ ចំនួន ៣ ឃុំ ក្នុងស្រុករមាសហែក គឺឃុំដូង អណ្តូងពោធិ៍ និងឃុំអង្គប្រស្រែ ដើម្បីផ្សព្វផ្សាយបន្ត ដល់ប្រជាពលរដ្ឋ និងបងប្អូនដែលចំណាកស្រុកទើបត្រឡប់មកពីធ្វើការនៅក្រៅប្រទេស (ថៃ និងកូរ៉េ )សរុបចំនួន ៧៨ នាក់ ស្រី ៣៧ នាក់ ។
ក្នុងថ្ងៃនេះដែរក្រុមការងារសាខាបានធ្វើការវាស់កំដៅ បិទផ្ទាំរូបភាព ចែកអាល់កុលក្នុងម្នាក់ ១ ដបសម្រាប់លាងដៃ និងសាប៊ូក្នុងម្នាក់ ១ ដុំ ដល់អ្នកចំណាកស្រុក មេភូមិ និងបានប្រគល់អាល់កុលដល់ មណ្ឌលសុខភាព ដូង និងមណ្ឌលសុខភាពអង្គប្រស្រែ ក្នុងមួយមណ្ឌលសុខភាពទទួលបាន ១០ លីត្រ ។
ក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនទាំងអស់ដោយក្តីនឹករលឹក សូមកុំមានការព្រួយបារម្មណ៍ត្រូវគិតគូពីសុខភាព ហើយបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស ត្រូវនៅដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ កុំឱ្យជួបជុំហូបចុកគ្រឿងស្រវឹងក្នុងពិធីផ្សេងៗ ។
លោកជំទាវបានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងវិធានការទប់ស្កាត់ការរីករាលដាលវីរុសកូវីត១៩ ព្រមទាំងសូមឲ្យបងប្អូនទាំងអស់យកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ដែលកំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង ។