ជួបជាមួយអ្នកយកព័ត៌មានយើងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នេះលោក ស ថន អាយុ ៦៣ ឆ្នាំ អតីត ជាមន្ត្រីកសិកម្ម ដែលចូលនិវត្ត បច្ចុប្បន្ន រស់នៅភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច បាននិយាយឲ្យដឹងថា៖ គាត់បានទទួលចំណេះដឹងនៃបច្ចេកទេសនៃការដាំបន្លែដោយប្រើតំណក់ទឹកនេះ ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង ដោយមានកិច្ចសហការជាមួយជាមួយអង្គការជាដៃគូ។
គាត់បានអនុវត្តវិធីដាំដំណាំស្រោចដោយដំណក់ទឹកនេះ រយៈពេល៤-៥ ឆ្នាំមកហើយ ការប្រើបច្ចេកទេសដំណក់ទឹកនេះ គឺទទួលបានភាពល្អប្រសើរច្រើន ខុសពីការរែកទឹកស្រោចផ្ទាល់ ។
ចំពោះបច្ចេកទេសនេះ គឺជំហានដំបូងគឺយើងត្រូវធ្វើដីឲ្យបានស្អាត បន្ទាប់មកយើងលើកជា រង ដាក់ជី និង បង្កប់ទុយោ សម្រាប់បញ្ចេញទឹក១ដំណក់ៗ រួចយើងគ្របកៅស៊ូប្លាស្ទិក ដោយសង្កត់ឱយជាប់ជាការស្រេច ។
ចំពោះប្រយោជន៍ ការគ្របកៅស៊ូ ធ្វើឱយដីមិនហាប់ ដីនៅសភាពផុល និងបង្កើនជីបន្ថែមកំទេចឈើ និងស្មៅ ដែលពុករលួយ។
ចំណែកទុយោទឹកដែលហូរស្រោចគល់ដំណាំ១ដំណក់ៗ វាមិនធ្វើឱយដីហាប់ ដូចការយើងរ៉ែកស្រោចចាក់ដោយផ្ទាល់នោះទេ ។និយាយជារួមពេលធ្វើហើយគឺចាំតែទទួលតែម្តង ដោយគ្រាន់មើលថែសត្វបំផ្លាញ និងបញ្ឆេះម៉ាស៊ិនបូមទឹកតែប៉ុណ្ណោះ។
ស្ត្រី ឈ្មោះ ខៀវ ចាន់ស៊ីម អាយុ៥៧ ឆ្នាំ ក៏បានដឹងតែថា៖ប្រជាពលរដ្ឋ ដែលបានប្រកបរបរដាំបន្លែសព្វថ្ងៃនេះ គឺបានជីវភាពគ្រាន់បើដែរ ដោយសារតែខាងមន្ទីរកសិកម្ម បានរៀបចំឲ្យមានសហគមន៍ប្រមូលផ្ដុំ មានន័យថារាល់កសិផល ដែលដាំបានគឺសហគមន៍ជាអ្នកមកប្រមូលទិញដល់ចំការ ហើយបានយកទៅលក់នៅទីផ្សារនៅស្រុកកំពង់ត្រឡាច ឬ ទីផ្សារខេត្តកំពង់ឆ្នាំង ។ការធ្វើបែបនេះតម្លៃបានថេរ គួបផ្សំបិទការនាំចូលបន្លែមកពីខាងក្រៅផងធ្វើឱយបន្លែមានតម្លៃគួរសម ។
ស្រ្តីរូបនោះបានបញ្ជាក់ដែរថា៖ សព្វថ្ងៃ ផ្លែត្រសក់១គីឡូក្រាម ថ្លៃ១៩០០៛ ផ្លែត្រប់ ១៥០០៛ ផ្លែននោង ថ្លៃ១២០០៛ និងផ្លែល្ហុងថ្លៃ៨០០៛ក្នុង១គ.ក ។
សូមបញ្ជាក់ផងដែរថា៖ កន្លងមក លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តបានបញ្ជាក់ថា៖ ដើម្បីទុបទល់នឹងការធ្លាក់ចុះនៃតម្លៃ កសិផលរបស់កសិករខាងមន្ទីរក៏បានរៀបចំនៅតាមមូលដ្ឋានដែលមានការដាំដុះ បន្លែគ្រប់ប្រភេទ ឱយបង្កើតជា សហគមន៍ប្រមូលផ្ដុំ ដើម្បីឲ្យសហគមន៍ទាំងនោះប្រមូលបន្លែពីប្រជាពលរដ្ឋដាំដុះដោយផ្ទាល់យកមកលក់នៅកាន់ទីផ្សារ ធ្វើបែបនេះទើបធានាសុវត្ថិភាព នៃតម្លៃបន្លែរបស់ប្រជាកសិករបានស្ថេរ ៕
ដោយសុក្ខារិន