ស្ទឹងត្រែង:កាលរសៀលថ្ងៃទី ០៨ ខែ មេសា ឆ្នាំ២០២០ នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និង  ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូ មន្ទីរជុំវិញខេត្ត អញ្ជើញបន្តចុះសំណេះសំណោល និង សួរសុខទុក្ខ ជាមួយ កងវីរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០១ នៅចំណុច (ត្រពាំងក្រៀល) ស្ថិតនៅ ឃុំ អូរស្វាយ ស្រុក បុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

ឯកឧត្តម ម៉ុម សារឿន បានពាំនាំនូវការផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនិង សម្ដេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំង សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ណាស់ចំពោះសុខទុក្ខរបស់កងកម្លាំងដែលឈរជើងនៅជួរមុខ និងបានកោតសរសើរចំពោះគំរូវីរៈភាពរបស់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញកាតព្វកិច្ចបំរើជាតិមាតុភូមិប្រកបដោយទំនួល ខុសត្រូវខ្ពស់ ចំពោះការការពារបូរណៈភាពទឹកដី នៅតាមបន្ទាត់ព្រំដែនជាប់នឹងប្រទេសជិតខាង។

ជាមួយគ្នានេះ ឯកឧត្តម ម៉ុម សារឿន ក្រើនរំលឹកដល់ កងកម្លាំងទាំងអស់ត្រូវតែរស់នៅប្រកបដោយអនាម័យជានិច្ច ព្រមទាំងត្រូវស្តាប់ការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ប្រយុទ្ធជាមួយ វីរុស កូរ៉ូណា ឬ ជំងឺផ្លូវដង្ហើមបករភេទថ្មី កូវិដ ១៩ ( COVID -19 )ដែលកំពុងរីករាលដាល ជា សកល នៅបណ្ដាលប្រទេសជាច្រើន ក្នុងនោះប្រទេសកម្ពុជាក៏កំពុងទទួលរងគ្រោះនូវជំងឺដ៏កាចសាហាវ មួយនេះដែរ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តណែនាំដល់កងកម្លាំង កងវីរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០១ ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន កម្ពុជា_ឡាវ ទាំងអស់ ត្រូវតែបន្តបង្កើនកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ និងសាមគ្គី ភាពល្អ ជាមួយប្រទេស ដែលនៅជិតខាង ដើម្បីឲ្យព្រំដែនយើងទាំងអស់ ក្លាយជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៍ ក្រោមការដឹកនាំ ប្រកប ដោយកិត្តិបណ្ឌិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។