ខេត្តប៉ៃលិន ៖ រហូតមកដល់វេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ស្ត្រីម្នាក់ឈ្មោះ អេង សារឿន អាយុ៥៤ឆ្នាំ ជាប្រពន្ធទី៨ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន មានការហួសចិត្តយ៉ាងខ្លាំង ខណ:ពេលឃើញលិខិតអញ្ជើញចំនួន២ច្បាប់បន្តបន្ទាប់គ្នាចេញពីការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តប៉ៃលិន កាលពីខែមីនា និងខែមេ សា ឆ្នាំ២០២០នេះ ដោយឱ្យគាត់ចូលបំភ្លឺពាក់ព័ន្ធនឹងបណ្តឹងរបស់ស្រ្តីម្នាក់ ឈ្មោះ លីម គា ហៅម៉ី អាយុ៣៨ឆ្នាំ ជាប្រពន្ធទី៧ ចោទប្រកាន់ពីបទធ្វើឃាតទៅលើបុរសចំណាស់ម្នាក់ ឈ្មោះ ងិន មេង អាយុ៦៩ឆ្នាំ ជាប្តី ដែលបានស្លាប់កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដោយសាររោគាពាធ ។
បើតាមប្រភពព័ត៌មានពីស្រ្តី ឈ្មោះ អេង សារឿន ជាប្រពន្ធទី៨ បានរៀបរាប់ឱ្យដឹងថា កាលពីជាង៣ឆ្នាំមុន ស្រ្តីម្នាក់ ឈ្មោះ លីម គា ហៅម៉ី ជាប្រពន្ធទី៧ បានឈ្លោះទាស់ទែងជាមួយបុរសចំណាស់ជាប្តី រួចបានធ្វើលិខិតលែងលះគ្នានៅសង្កាត់ប៉ៃលិនដាច់ស្រេចអស់ហើយ ថែមទាំងទៅយកប្តីម្នាក់ទៀត មករស់នៅក្នុងផ្ទះល្វែង៥បន្ទប់ ដែលគាត់ចែកឱ្យ រួមជាមួយនឹងដីចំនួន២ប្លង់ថែមទៀតផង ។ លុះក្រោយមក បុរសចំណាស់ពោះម៉ាយរូបនោះ ក៏បានហៅចាស់ទុំក្នុងភូមិទៅស្តីដណ្តឹ ងគាត់ ដែលជាស្រ្តីមេម៉ាយ រួចក៏ធ្វើការសែនព្រេនតាមផ្លូវច្បាប់មករស់នៅផ្ទះរបស់គាត់ រួចក្រោយមកប្តីចំណាស់នេះ ក៏នាំគាត់ទៅធ្វើសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ។
ប្រភពបន្តទៀតថា ដោយខ្លាចក្រែងប្រពន្ធទី៧ បន្តរករឿងគាត់ និងប្រពន្ធទី៨បន្តទៀត ទើបគាត់មានគំនិតធ្វើលិខិតផ្ទេរទ្រព្យសម្បត្តិផ្ទះធំស្នាក់នៅ ផ្ទះជួល៤បន្ទប់ និងសម្ភារ:ដែលនៅសេសសល់ទាំងអស់ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ឱ្យទៅគាត់ជាប្រពន្ធទី៨ ដោយមានសាក្សី និងមេភូមិទទួលស្គាល់ ។ ប៉ុន្តែ ក្រោយមក ពេលគាត់ជាប់រវល់ទៅផ្សារទិញម្ហូបអាហារ ស្រាប់តែមានជនសង្ស័យស្រីម្នាក់ បានដាក់ថ្នាំបំពុលប្តីរបស់ខ្លួន ដោយយកអស់ខ្សែក.មាស ទម្ងន់១តម្លឹង២ជី ១ខ្សែ ខ្សែដៃមាស១ខ្សែ និងចិញ្ចៀនពេជ្រ១វង់ផងដែរ ដែលធ្វើឱ្យគាត់សន្លប់អស់រយ:ពេល៧យប់៧ថ្ងៃ នៅក្នុងបន្ទីរពេទ្យ លុះពេលជាសះស្បើយរួចមក គាត់បានក្លាយទៅជាមនុស្សបាត់បង់ស្មារតី និងមានការវង្វេងជាញឹកញាប់ ជួនកាលដើរដួល និងធ្លាក់ប្រឡាយជាច្រើនដង ។
ដូច្នេះ ហើយទើបថ្ងៃមួយ ពេលគាត់ជាប់រវល់ទៅទិញម្ហូប ក៏ចាក់សោប្តីចំណាស់១ភ្លែត ស្រាប់តែមានគេថតគាត់បង្ហោះពេញបណ្តាញសង្គមថា គាត់បានចាក់សោ ឃុំឃាំងប្តីខុសច្បាប់ បង្អត់អាហារ ទៅលេងល្បែង ដែលធ្វើឱ្យមហាជនមានការយល់ច្រឡំយ៉ាងខ្លាំង ហើយក៏នៅតែមានអ្នកបន្តចែករំលែក រហូតមកដល់ពេ លថ្មីៗនេះផងដែរ ។ ចំណែកប្លង់ផ្ទះទាំងអស់ គឺមិនមានប្លង់ណាមួយ នៅក្នុងដៃរបស់គាត់នោះទេ គឺប្រពន្ធទី៧យកទុកទាំងអស់ ទោះបីជាខំទាមទារយ៉ាងណា ក៏គេមិនឱ្យដែរ ដូច្នេះគាត់កំពុងតែរកមេ ធាវីឱ្យជួយដើររឿងក្តីមួយនេះ ។
ស្រ្តីម្នាក់ ឈ្មោះ មេង គឹមឡាង ជាកូនទី៣ របស់ប្រពន្ធទី១ បានរៀបរាប់ឱ្យដឹងថា ឪពុករបស់គាត់ ពិតជាបានប្រគល់ទ្រព្យសម្បត្តិទាំងអស់ដែលនៅសេសសល់ទាំងប៉ុន្មានឱ្យទៅប្រពន្ធទី៨ ពិតប្រាកដមែន ថែមទាំងធ្វើលិខិតផ្ទេរ មុនពេលគាត់ស្លាប់ថែមទៀតផង ។ ប៉ុន្តែ ក្រោយមកស្រាប់តែប្រពន្ធទី៧ ដែលចុះចោលឪពុករបស់គាត់រត់ទៅយកប្តីក្មេងម្នាក់ទៀត ហើយមករស់នៅលើ ផ្ទះដែលឪពុកខ្លួនចែកឱ្យ បែរជាជំទាស់ទៅវិញ ថែមទាំងប្តឹងនគរបាលផងដែរ ។ ដូច្នេះ ក្នុងនាមគាត់ជាកូនដែរ មិនសុខចិត្តនោះទេ ហើយក៏មិនព្រមឱ្យទ្រព្យសម្បត្តិនេះទៅស្រ្តីដែលចុះចោលឪពុក របស់ខ្លួននោះឡើយ ។ ម្យ៉ាងវិញទៀត ស្រ្តីជាប្រពន្ធទី៨ បានមើលថែទាំឪពុករបស់ខ្លួន ផ្តល់ទឹកក្តៅទឹកត្រជាក់ រហូតដល់គាត់ស្លាប់ ដូច្នេះ ទ្រព្យសម្បត្តិទាំងនេះ ត្រូវតែបានចំណែកទៅលើគាត់ដែរ ។
ពាក់ព័ន្ធនឹងបញ្ហាគេចោទថាស្រ្តីប្រពន្ធទី៨ឃុំឃាំងប្តីខុសច្បាប់ និងធ្វើឃាតបុរសចំណាស់ ខាងលើ លោក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានបំភ្លឺឱ្យដឹងកាលពីរសៀលថ្ងៃទី២១ ខែមេសា ២០២០នេះថា សូមកុំសូវជឿទៅលើបណ្តាញសង្គមខ្លាំងពេក ព្រោះគេថតវីដេអូបុរសចំណាស់ខាងលើកាលពីគាត់នៅរស់ គឺពេលនោះគាត់វង្វេងស្មារតីព្រោះមានជម្ងឺ ខណ:ប្រពន្ធទៅទិញម្ហូបអាហារ នៅផ្សារ បើមិនចាក់សោប្តីចំណាស់នេះទេ គាត់នឹងដើរចេញពីផ្ទះ វង្វេងទៅកន្លែងផ្សេងៗ អាចនឹងធ្លាក់ប្រឡាយ ធ្លាក់លូទឹកស្លាប់ជាក់ជាមិនខាន ព្រោះធ្លាប់កើតឡើងជាញឹកញាប់មកហើយ ។ លោកបន្តទៀតថា ចំពោះការស្លាប់របស់គាត់ គឺដោយសារជម្ងឺរោគា ព្រោះក្រោយពេលស្លាប់ភ្លាមខាងប៉ុស្តិ៍ប៉ៃលិន និងខាងគ្រូពេទ្យបានចុះទៅធ្វើកោសលវិច្ច័យដែរ ឃើញថា មិនមាន ករណីឃាតកម្មអ្វីនោះទេ ។
ពាក់ព័ន្ធនឹងពាក្យបណ្តឹងចោទថា ស្រ្តីប្រពន្ធទី៨ ធ្វើឃាតប្តី លោក អ៊ុ សាឡន ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តប៉ៃលិន បានឱ្យដឹងកាលពីវេលាម៉ោង៨ និង៤៣នាទីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះថា បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីស្រ្តីជា ប្រពន្ធទី៧នេះ ខាងលោកក៏បានសុំគោលការពីសាលាដំបូង ដោយដឹកនាំកម្លាំងនគរបាល ចុះទៅស៊ើបអង្កេតបឋម ករណីការស្លាប់របស់ លោក ងិន មេង ហៅតាឡេង ដោយមិនទាន់ទទួលបាននូវលទ្ធផលយ៉ាងណានៅឡើយនោះទេ ហើយខាងលោក បានក៏បញ្ជូនសំនុំរឿងនេះ ទៅអយ្យកា ។