ភ្នំពេញ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិបានចុះធ្វើការបង្រ្កាបទីតាំងកែច្នៃ ជួញដូរគ្រឿងញៀនមួយកន្លែងនៅចំណុច ផ្ទះគ្មានលេខភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។ ដោយរឹបអូសថ្នាំញៀនបាន ជាង១សែន៤ម៉ឺនគ្រាប់ស្មើរនិងជិត៦០គីឡូក្រាម ។
ប្រតិបត្តិការខាងលើនោះអនុវត្តតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្ដមសេនិយ៍សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងតាមការបញ្ជាដឹកនាំ ដោយផ្ទាល់ របស់លោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ និង លោកឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងជំនាញ”ក១១” របស់មន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ លោកឧត្ដមសេនិយ៍ត្រី ស៊ី ផល្លា នាយករងមន្ទីរ និងមានការសំរបសំរួល ពីលោកព្រះរាជអជ្ញារង សាយ ណូរ៉ា ។
ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ LEE KWAN FUK ភេទប្រុស ជនជាតិចិន (ហុងកុង) និង ឈ្មោះ THET THET HLAING ភេទស្រី ជនជាតិមីយ៉ាន់ម៉ា ដកហូតវត្ថុតាង សារធាតុញៀនអិចស្តាស៊ី ប្រមាណ ១៤០០០០គ្រាប់(ដប់បួនម៉ឺនគ្រាប់) ទម្ងន់ :៥៧គក្រ.៣៨ និងម៉ាស៊ីនកែឆ្នៃ ២គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបន្តការស៊ើបអង្កេត តាមចាប់មេខ្លោង និងមុខសញ្ញាពាក់ព័ន្ធ ៕